កំពង់ធំៈ ទីតាំងស្តប់ឈើមួយកន្លែង ត្រួវបានលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ធំ ដឹកនាំកំលាំងចម្រុះបង្ក្រាប ស្ថិតនៅក្នុងភូមិ ខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ រឹបអូសបានឈើជា២០ម៉ែត្រគូប នៅព្រឹកវេលាម៉ោង ៦ ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០១៤ ។
ទីតាំងស្តប់ឈើដុះស្លែរ កន្លងមកពុំដែលមានសមត្ថកិច្ចអ្នកណាម្នាក់ចូលទៅបង្ក្រាបនោះទេ ទើបទីតាំងនេះ បានក្លាយជាទីតាំងស្តប់ឈើដ៏ធំ សម្រាប់ចែកចាយ ដែលមានការដឹករំដោះតាមរយះ ម៉ូតូរ៉ឺម៉ក និងរថយន្តតូរីស ចេញទៅលក់នៅភ្នំពេញ និងតាមបណ្តាខេត្តជាប់ព្រំព្រទល់ ក្នុងមួយថ្ងៃម៉ូតូរ៉ឺម៉ក ១៨គ្រឿង និងរថយន្តតូរីសមួយចំនួន តែទោះជាមានសកម្មភាពបែបនេះក្តី ក៏ពុំមានការអើពើពីសំណាក់រដ្ឋបាលព្រៃឈើ ។
លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពង់ធំ បានមានប្រសាសន៍ថា មុនឈានដល់ការ បង្ក្រាបបទល្មើសការស្តប់ឈើ និងចែកចាយដោយគ្មាន ច្បាប់អនុញ្ញាតិនេះ ដោយបានទទួលសេចក្តីរាយការ ណ៍ថា នៅចំនុចទីតាំងខាងលើ មានការស្តប់ឈើ ទើបមានការបញ្ជាពី លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសា លាដំបូងខេត្តកំពង់ធំ ឲ្យដឹកនាំកំលាំងចម្រុះមាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប៉ូលិសប៉ុស្តិ៍រដ្ឋបាល កងរាជអាវុធហត្ថស្រុកបាយណ៍ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម មេភូមិ មេឃុំ ចូលរួម ។
បន្ទាប់ពីសមត្ថកិច្ចចុះឆែកឆេរលំនៅដ្ឋានរបស់ លោក ឈួន ធឿន អាយុ ៣៥ឆ្នាំ មានប្រពន្ឋឈ្មោះ មុំ អឿន អាយុ ៣៣ឆ្នាំ បានប្រទះឃើញវត្ថុតាងមានក្តា ប្រភេទ គគី និងក្តាផ្ចិក ក្តាកកោះ ដែលនៅសល់ពីការដឹកជញ្ជូន ចំនួន ១៥៨០សន្លឹក ស្មើរនិង ១៨ម៉ែត្រគូប៩ផ្លាន រ៉ឺម៉ក៣គ្រឿង ដោយឡែកនៅព្រឹកថ្ងៃដដែលបានឃាត់រ៉ឺម៉កចំនួន៣ផ្សេងទៀតមានឈើពេញ សរុបលទ្ធផលនៃការបង្ក្រាបនៅពេលនេះ ឈើសរុបជាង២០ម៉ែត្រគូប វត្ថុតាងទាំងអស់ត្រូវបាន រឹបអូស និងដឹកជញ្ជូនមកកាន់ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ចំណែម្ចាស់ផ្ទះបានរត់ គេចខ្លួន មុនពេលសមត្ថកិច្ចធ្វើការឆែកឆេររកលិខិតអនុញ្ញាតិ ។
សូមបញ្ជាក់ផងដែរថា លទ្ធផលដែលបានបង្ក្រាបបានឈើជាច្រើននេះ លោក សាយ ណូរ៉ា បានដឹកនាំកំលាំងឡោមព័ទ្ធបរិវេណទីតាំងស្តប់ឈើចាប់តាំង ពីម៉ោង ៣ទាបភ្លឺ ដោយសារតែ ការដឹកជញ្ជូនដោយខុសច្បាប់របស់ឈ្មួញ ត្រូវបានចាប់ពីម៉ោង ៤ទាបភ្លឺជារៀងរាល់ថ្ងៃ លុះព្រឹកវេលាម៉ោង ៦ទើបសុំការអនុញ្ញាតិ ឆែកឆេរ និងស្ទាក់ចាប់បានរ៉ឺម៉កដែលកំពុងតែធ្វើសកម្មភាព ដឹកជញ្ជូនមួយចំនួនទៀត។