កំពង់ចាម: ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញបេីកការប្រកួតកីឡាមហាជន ជ្រេីសរេីសជេីងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២១-២០២២ ដេីម្បីចូលរួមអបអរសាទរទិវាជ័យជំនះ
ខួបលេីកទី៤៣ឆ្នាំ ថ្ងៃ៧មករាឆ្នាំ១៩៧៩-២០២២ ក្រោមការរៀបចំរបស់មន្ទីរអប់រំ យុវជន និងកីឡា សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែលប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ ក្នុងការអភិវឌ្ឍ និងកត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ ដូច្នេះសូមឲ្យយុវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡា ឲ្យបានគ្រប់ៗគ្នា ពិសេសកីឡា ដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឲ្យសមស្របទៅតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ ។ 
ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្តាំផ្ញេីសូមឲ្យកីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ និងរក្សាប្រពៃណី វប្បធម៌ ក្នុងពេលប្រកួតឲ្យបានខ្ជាប់ខ្ជួន ដើម្បីដណ្តើមយកជ័យជំនះជូនមន្ទីរ អង្គភាពរបស់ខ្លួន និងបានក្លាយខ្លួនទៅជាកីឡាករ កីឡាការិនីឆ្នើម សម្រាប់ទៅចូលរួមប្រកួត នៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាពិសេសការប្រកួតកីឡាថ្នាក់តំបន់អាស៊ានស៊ីហ្គេម ឆ្នាំ២០២៣ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានបញ្ជាក់ផងដែរថា ពិធីប្រកួតកីឡាមហាជននេះ គឺធ្វេីឡេីងដេីម្បីចូលរួមចំណែកលេីកស្ទួយវិស័យកីឡាឲ្យកាន់តែរីកចម្រេីនជាលំដាប់ស្របពេលដែលប្រទេសជាតិយេីងមានសុខសន្តិភាព និងចូលរួមអបអរសាទរទិវាជ័យជំនះខួបទី៤៣ ថ្ងៃ៧មករា ឆ្នាំ១៩៧៩-២០២២ ក្រោមការដឹកនាំគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វេីឲ្យប្រទេសជាតិ ក៏ដូចប្រជាជនកម្ពុជា បានរួចផុសពីរបបដ៏ខ្មៅងងឹត និងពោលពេញទៅដោយភាពឈឺចាប់បំផុតដែលមិនអាចបំភ្លេចបានឡេីយ។ ដូច្នោះក្នុងនាមជាប្រជាជនកម្ពុជាយេីងត្រូវរួមគ្នាថែរក្សានូវសុខសន្តិភាពនេះឲ្យបានគង់វង្ស ដេីម្បីបន្តការអភិវឌ្ឍន៍ឲ្យកាន់តែមានការរីកចម្រេីនបន្ថែមទៀត ។

លោកលី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា ក្រុមកីឡាករ កីឡាការិនី មន្ទីរ-អង្គភាពជុំវិញខេត្ត ក្លិប និងក្រុង-ស្រុក ដែលបានចូលរួម ប្រកួតកីឡាមហាជនជ្រេីសរេីសជេីងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២១-២០២២នេះ សរុបចំនួន១០១ក្រុម និងកីឡាករ កីឡាការិនីសរុបចំនួន៨៨៩នាក់ ប្រភេទកីឡាដែលបានដាក់ឲ្យប្រកួតរួមមាន កីឡាបាល់ទាត់ កីឡាបាល់បោះ កីឡាបាល់ទះ កីឡាប៉េតង់ប៊ូល កីឡាវាយកូនឃ្លីលេីតុ និងកីឡាវាយសី ផងដែរ ៕





































