ក្រោយស្តាប់ប្រសាសន៍ណែនាំពីឯកឧត្តមអភិបាលខេត្តពលរដ្ឋទាំង៦៨គ្រួសារបានទទួលយល់ស្របរងចាំដោះស្រាយនៅពេលក្រោយ

ខេត្តតាកែវ ៖ ពលរដ្ឋ៦៨គ្រួសារមកពីភូមិចំនួន២នៅស្រុកទ្រាំង ដែលបានលើកគ្នាមកសាលាខេត្តសុំជួប

ឯកឧត្តម អ៊ូច ភា ជួយអន្តរាគមន៍ករណីដែលអាជ្ញាធរស្រុកទ្រាំងចេញលិខិតឲ្យរុះរើលំនៅឋានទាំងដែលគាត់កំពុងរស់នៅ ពួកគាត់បានទទួលយល់ស្របនិងជួបដោះស្រាយជាមួយអាជ្ញាធរនៅពេលក្រោយនិងបានត្រឡប់ទៅលំនៅឋានវិញក្រោយពីបានស្តាប់ប្រសាសន៍ណែនាំ។ តាមប្រសាសន៍ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ពលរដ្ឋមកសុំជួបគាត់ចំពេលដែលលោកកំពុងជាប់ប្រជុំក្រុមប្រឹក្សាខេត្តចឹងហើយបានជាយឺតយូរក្នុងការមកជួបប្រជាពលរដ្ឋ តែលោកបានចាត់ឲ្យលោកអភិបាលរងមួយរូបមកជួបដែរ តែពលរដ្ឋនៅតែទទួចចង់ជួបលោកផ្ទាល់ ហើយក្រុមប្រជាពលរដ្ឋក៏រង់ចាំរហូតគាត់ចប់ប្រជុំក្រុមប្រឹក្សាខេត្ត ក៏បានជួបនិងបានយល់ស្របថាចាំដំណោះស្រាយគ្នានៅពេលក្រោយឯសាលាស្រុក។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៥មករា មានពលរដ្ឋមកសុំអន្តរាគមន៍នៅសាលាខេត្ត ដែលពួកមកពីភូមិក្តីរុន និងភូមិត្រពាំងវែង ឃុំព្រៃស្លឹក ឃុំខ្វាវ ស្រុកទ្រាំង ក្រោយកើតទុក្ខមិនសុខចិត្តខណៈដែលអាជ្ញាធរស្រុកចេញលិខិតឲ្យពួកគាត់រុះរើលំនៅឋានចេញពីកន្លែងដែលធ្លាប់រស់នៅតាំងពីឆ្នាំ១៩៧៩ (តាំងពីបែកប៉ុលពត) ដោយនិយាយថាពួកគាត់រស់នៅលើដីរដ្ឋ។ ក្រុមប្រជាពលរដ្ឋបន្តថា ពួកគាត់មានដីបន្តិចបន្ទួចសម្រាប់រស់នៅជិត២ជីវិតទៅហើយ ហេតុអ្វីបានជាឲ្យពួកគាត់រុះរើចេញបែបនេះវិញ? ។ ពួកគាត់បន្ថែមថា កន្លងមករដ្ឋបាលស្រុកទ្រាំងបានហៅទៅជួបនៅសាលាស្រុក៥លើកមកហើយតែគ្មានដំណោះស្រាយអ្វីទាំងអស់ រហូតមកដល់ពេលនេះថែមទាំងចេញលិខិតឲ្យរុះរើផ្ទះសំបែងចេញទៅវិញ តើឲ្យពួកគាត់ទៅរស់នៅទីណា? ។ ផ្អែកតាមលិខិតដែលប្រជាពលរដ្ឋកាន់មកជួបលោក អ៊ូច ភា បង្ហាញថា ប្រជាពលរដ្ឋដែលចាប់ផ្តើមតាំងទីលំនៅចាប់ពីឆ្នាំ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ ត្រូវរុះរើចេញទាំងអស់ ឲ្យបានរួចរាល់ក្នុងរយៈពេលមួយខែ ដោយចាប់ផ្តើមពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ជាកំណត់។ បើមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ អាជ្ញាធរនិងអនុវត្តតាមវិធានការច្បាប់។ ដែលនេះជាការមិនពិតនោះទេ ព្រោះពួកគាត់រស់នៅលើដីនេះយូរយារណាស់មកហើយមិនមែនឆ្នាំ២០១៩ដូចដែលលិខិតសាលាស្រុកសរសេរអះអាងនោះទេ។ ពូស៊្មីត