ឆក់ខ្សែភ្លើងស្លាប់ពេលបិទតូប លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើល

ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលមានមុខរបរជាជាងជួសជុលទូរស័ព្ទ ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់នៅក្នុងតូបជួសជុលទូរស័ព្ទរបស់ខ្លួន ខណ:ពេលដែលកំពុងរៀបចំបិទតូប។

ការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង៦ និង៣០ នាទី ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង គឺនៅពេលដែលក្រុមគ្រួសារទៅបើកតូបដើម្បីលក់ដូរ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ចន្ឌី ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរជាជាងជួសជុលទូរស័ព្ទ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ។

ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារអោយដឹងថា នៅពេលពួកគាត់មកបើកតូបលក់ដូរ ហើយក៏មានការភ្ញាក់ផ្អើល ពេលបើកតូបឡើង ឃើញជនរងគ្រោះដេកស្លាប់នៅក្នុងតូបម្នាក់ឯង ។

នៅក្នុងហេតុការណ៏នេះ សាក្សីម្នាក់ឈ្មោះ ងួន សុផា បាននិយាយថា នៅព្រឹកនោះ ពេលគាត់កំពុងរៀបចំឥវ៉ាន់ដើម្បីលក់ដូរ គឺក្មួយស្រីជនរងគ្រោះបានហៅឲ្យទៅជួយបើកតូបរបស់ពូ (តូបជនរងគ្រោះ) ហើយពេកគាត់គាស់តូបឡើង ស្រាប់តែឃើញឈ្មោះ ចន្ធី ដេកស្លាប់នៅក្នុងតូបលើខ្សែចរន្តអគ្គិសនី តែគាត់មិនបានដឹងពីមូលហេតុនោះទេ ទើបមានការភ្ញាក់ផ្អើលតែម្ដង ។

សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ដោយសារខ្សែភ្លើងឆក់ ព្រោះមានស្នាមរលាកខ្លោចនៅនឹងបានដៃ ដោយបច្ចុប្បន្នសព ត្រូវបានប្រគល់ទៅអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យហើយ៕

អត្ថបទ : ព្រាប.ស