ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីបញ្ចាក់ថា ប្រទេសរុស្ស៊ីពង្រឹងសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ ហើយបំពាក់ឱ្យកងទ័ពនូវគ្រឿងសព្វាវុធថ្មីៗ ដើម្បីធានាដល់កិច្ចការពារសន្តិសុខរបស់ខ្លួនផ្ទាល់ ។ ក្នុងឱកាសនៃវេទិកាយុវជនមួយនៅឯតំបន់ Tver ភាគកណ្តាលរុស្ស៊ី លោកពូទីន គូសបញ្ជាក់ថា យើងត្រូវគិតដល់កិច្ចការពារ ហើយត្រូវមានលទ្ធភាពអនុវត្តបណ្តាផែនការសេដ្ឋកិច្ច និងសង្គមកិច្ចរបស់យើង ។
ទោះបីយ៉ាងណា រុស្ស៊ីនឹងមិនប្រឡូកក្នុងបណ្តាជម្លោះយោធាមានទ្រង់ទ្រាយធំ ទាំងឡាយឡើយ ក៏ប៉ុន្តែត្រូវស្ថិតក្នុងស្ថានភាពប្រុងជើងការជាប់ជានិច្ច ដើម្បីឆ្លើយតបវិញចំពោះរាល់ការឈ្លានពាន ។ លោកពូទីន បន្តទៀតថា ការវាយប្រហារតាមអាកាសនាពេលបច្ចុប្បន្នរបស់កងទ័ពអ៊ុយក្រែន ប្រឆាំងបណ្តាតំបន់ភាគខាងកើតប្រទេសនេះ មានសភាពខ្លាំងដូចគ្នានឹងការវាយប្រហារដែលអាល្លឺម៉ង់ណាហ្ស៊ី ធ្លាប់វាយប្រហារលើបណ្តាទីក្រុងសូវៀតកាលពីសម័យសង្គ្រាមលោកលើកទី២ ដូច្នោះដែរ ។
លោកអះអាងថា អ៊ុយក្រែនត្រូវចាប់ផ្តើមការចរចាជាមួយបណ្តាតំបន់នៅភាគខាងកើតប្រទេសទាក់ទិនដល់សិទ្ធិរបស់ប្រជាជន ។ ខណៈដែលការជួបគ្នាត្រីភាគីនៅទីក្រុងមីនស្ក៍ កន្លងមកថ្មីៗនេះ ពុំសម្រេចបានការរីកចម្រើនទាក់ទិនដល់វិបត្តិអ៊ុយក្រែន សហគមន៍អន្តរជាតិ បញ្ចេញការព្រួយបារម្ភចំពោះព័ត៌មានទាំងឡាយ ដែលថាការប្រយុទ្ធគ្នានៅភាគខាងកើតអ៊ុយក្រែន កំពុងតែរាលដាលទៅកាន់ភាគខាងត្បូងប្រទេសទៀត ។
អ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិច បានចោទប្រកាន់រុស្ស៊ីថា បានធ្វើការលុកលុយថ្មីចូលដែនដីអ៊ុយក្រែន ដោយបញ្ជូនកងទ័ព និងសម្ភារយោធាទៅកាន់តំបន់ដូណេតស្ក៍ ដែលការចោទប្រកាន់ទាំងនោះត្រូវរុស្ស៊ីបដិសេធ ។ អំពីការពង្រឹងកងទ័ព ប្រទេសចិនដែលជាមហាអំណាចធំមួយដែរនោះ ប្រធានាធិបតីប្រទេសនេះ លោក ស៊ី ជីនពីង បានអំពាវនាវឱ្យមានការកែប្រែថ្មីថែមទៀតក្នុងកងទ័ពរបស់ប្រទេសលោក ខណៈដែលពិភពលោកបច្ចុប្បន្នកំពុងជួបប្រទះនឹងការវិវត្តន៍ខាងយោធា ថ្មីមួយ ។
ពេលដឹកនាំកិច្ចប្រជុំមួយរបស់ការិយាល័យនយោបាយ បក្សកុំមុយនីស្តចិន លោក ស៊ី ជីនពីង គូសបញ្ជាក់កាលពីថ្ងៃទី ២៩ សីហា ថា ការវិវត្តខនា៍ងយោធាថ្មីនៅលើពិភពលោក គឺជាកាលានុវត្តភាពមួយ និងជាការប្រឈមមួយសម្រាប់ប្រទេសចិន ហើយយើងត្រូវយកចិត្តទុកដាក់ប្រឈមនឹងការវិវត្តន៍នោះ ។ លោក ស៊ី ស្នើដល់សមាជិកបក្សទាំងអស់ផ្តោតឱ្យខ្លាំងលើបញ្ហាយោធា លើកិច្ចការពារ និងលើការពង្រឹងកងទ័ព ព្រមទាំងលើការរៀបចំខាងយោធា ព្រមទាំងជួយទ្រទ្រង់ថែមទៀតដល់កិច្ចការពារជាតិ និងការកែទម្រង់យោធារបស់ប្រទេស ៕