ខេត្តកំពង់ស្ពឺ៖ អ្នកបើកបររថយន្តហាយឡែនឌ័រម្នាក់ បានរងរបួសធ្ងន់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយ រថយន្តសាំងយ៉ុង ក្អួតចេញសុទ្ធតែឈើ ធ្លាក់ក្រាលលើទ្រូងផ្លូវជាតិលេខ៤ បង្កឱ្យមានការភ្ញាក់ដល់អ្នកធ្វើដំណើរ កាលពីម៉ោងជាង ១០យប់ ថ្ងៃទី៥មករាឆ្នាំ២០២២ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤១-៤២ ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។សមត្ថកិច្ចចរាចរណ៍ស្រុកសំរោងទងបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ដ ១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-4393 អ្នកបើកបរឈ្មោះ ហាក់ លីហួរ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន បានបើកបរតាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបុករថយន្ដ ១គ្រឿងទៀត ម៉ាកសាំងយ៉ុង (កែច្នៃ) ពណ៌ខៀវ គ្មានស្លាកលេខ (ដឹកឈើចំនួន ១៥កំណាត់) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ស្រមោល) ដែលកំពុងបើកបរស្របទិសគ្នា បុកពីក្រោយពេញទំហឹង បណ្ដាលឱ្យតៃកុងរថយន្ត ហាយឡែនឌ័ររងរបួសធ្ងន់ធ្ងរ ។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងកន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះ និងព្យាបាលនៅគ្លីនិកឯកជនមួយក្នុងខេត្តកំពង់ស្ពឺ ។
ចំពោះវត្ថុតាងឈើទាំង ១៥កំណាត់ សមត្ថកិច្ចបានប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះថ្នាក់នេះ ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា តើឈើមុខកាត់ធំៗ វែងៗ ដឹកតាមរថយន្តសាំងយ៉ុងកែច្នៃនេះ ដឹកពីណាមក បានជាមកជួបគ្រោះថ្នាក់បែបនេះ ? បើនៅតាមដងផ្លូវពីស្រុកឱរ៉ាល់មក មានបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ឈ្មោះ នីត និងកូនចៅ ឈរជើងជាប្រចាំ និងមានស្នាក់ការមេព្រៃ មិនក្រោម ៥កន្លែង ជាពិសេសទៀតនោះ លោក សូរ គា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដាក់កូនចៅឃ្លាំមើលបទល្មើសព្រៃឈើតាំងពីសង្កាត់សំរោងទង រហូតដល់ផ្លូវជាតិលេខ៤ តើហេតុអ្វីមិនបង្ក្រាប បានជាបណ្តោយឱ្យដឹកឈើទាំងរថយន្តៗបែបនេះទៅវិញ ឬមួយក៏អស់លោកមេព្រៃដេកលក់ ?។
ប្រភពដាច់ដោយឡែកមួយទៀត បានបង្ហើបឲ្យដឹងថា តាំងពីលោក សូរ គា ឡើងជានាយផ្នែករដ្ឋបាលព្រៃកំពង់ស្ពឺមក សូម្បីតែកន្លែងកែច្នៃឈើតូចតាច ក៏មិនលើកលែងឱ្យផង ចុះទម្រាំរថយន្តដឹកឈើធំៗនេះ ស្មានតែរួចដែរឬអី ?៕





































