អាជ្ញាធរខេត្តកំពង់ធំរៀបចំការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់គណៈកម្មាធិការគណបក្សខេត្តកំពង់ធំ ឆ្នាំ២០២២

កំពង់ធំ ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួត   កីឡាប៉េតង់ ដណ្តើមពានរង្វាន់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា កម្មវិធីប្រកួតកីឡាករប៉េតង់ បានរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ជួសមុខឲ្យថ្នាក់ដឹកនាំគណបក្សគ្រប់កម្រិត របស់គណៈកម្មការរៀបចំការប្រកួត បានផ្ដួចផ្ដើមនិងការរៀបចំទីតាំងបានសមរម្យ ហើយប្រតិភូទាំងអស់បានចូលរួម ផ្តល់កិត្តិយសនៅក្នុងការប្រកួតកីឡាប៉េតង់នេះ។

ឯកឧត្តមក៏បានបន្តទៀតថា កម្មវិធីប្រកួតកីឡាករប៉េតង់ចាត់ទុកថាជាថ្ងៃជ័យជម្នះប្រវត្តិសាស្ត្រខ្មែរយើង អបអរសាទរទាំងអស់គ្នាគឺអរគុណសន្តិភាព មានសន្តិភាពយើងបានជួបជុំគ្នា កម្មវិធីប្រកួតកីឡាបានជាកិច្ចការមួយនេះល្អណាស់ដែលប្រមុខរដ្ឋាភិបាល លោកអំពាវនាវថាមនុស្សម្នាក់ ឲ្យមានកីឡាមួយយ៉ាងតិច ក្នុងចំណោមកីឡាករកីឡាការិនីយើងសង្ឃឹមថា យើងមានលេងកីឡាផ្សេងទៀត ដើម្បីជួយដល់ខ្លួនឯងផង ជួយដល់សង្គមផងគឺយកខ្លួនឯង គឺដើម្បីកាយសម្បទារឹងមាំសុខភាពល្អ និងដើម្បីទំនាក់ទំនងស្គាល់គ្នារវាងខេត្តនិងខេត្ត ក្លិបនិងក្លិប កម្ពុជាយើងពោរពេញទៅដោយពលរដ្ឋ ដែលមានកាយសម្បទាមាំមួន ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។

គួរបញ្ជាក់ផងដែរថា ពិធីបើកការប្រកួតកីឡាប៉េតង់ ដណ្តើមពានរង្វាន់គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ឆ្នាំ២០២២ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៦-៧ ខែមករា ឆ្នាំ២០២២ អញ្ជើញមកពីបណ្ដាខេត្តមួយចំនួនដូចជា (ខេត្តបាត់ដំបង ស្វាយរៀង ព្រៃវែង ព្រះវិហារ សៀមរាប កំពង់ធំ និងមានការអញ្ជើញចូលរួមពីក្រសួងមហាផ្ទៃ) កីឡាករ កីឡាការិនីសរុបចំនួន=១៧២នាក់។