ខេត្តកំពត៖ ខេត្តកំពតជាខេត្តជាប់ឆ្នេរសមុទ្រស្ថិតក្នុងទិសនិរតី នៃប្រទេសកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ១៤៨គីគូម៉ែត្រ។
បើនិយាយពីសក្តានុពល ខេត្តកំពតមានតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាលច្រើនកន្លែង ដែលមានភាពទាក់ទាញភ្ញៀវ មិនចាញ់តំបន់ទេសចរណ៍នានា តាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ។
ទាក់ទងនឹងតំបន់ រមណីយដ្ឋានជាច្រើនក្នុងខេត្ត លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ក្នុងខេត្តកំពត មានតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញចំនួន៣៤កន្លែង ក្នុងនោះ មានរមណីយដ្ឋានចំនួន ២១ កន្លែង មានរមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រចំនួន ០៥ កន្លែង វប្បធម៌ ០២ កន្លែង វប្បធម៌ ១៤ កន្លែង ហើយក្នុងឆ្នាំ២០២១ មានរមណីយដ្ឋានទេសចរណ៍កើនឡើងចំនួន ០៤ កន្លែង
ទៀត ដូចជា ព្រែកក្តាតអេកូរីស៊ត ទំនប់ស្ទឹងភេ ជ្រលងភ្នំក្រហម និងភ្នំទទុង។ ក្នុងនោះដែរសហគមន៍ទេសចរណ៍ក៏មាន ០៤ កន្លែង រួមមាន៖ សហគមន៍ទសចរណ៍ត្រពាំងសង្កែ សហគមន៍ទេសចរណ៍ព្រែកត្នោត(អន្លង់ធំ) សហគមន៍ទេសចរណ៍តំបន់សត្វក្រៀលបឹងអន្លង់ព្រីង និងសហគមន៍ទេសចរណ៍កំពង់សាមគ្គី។
ដោយឡែកចំពោះគោលដៅទាក់ទាញទេសចរណ៍ចំនួន ០៤ កន្លែងទៀត ដូចជា តំបន់ចំការម្រេច បេតិកភណ្ឌក្រុងកំពត តំបន់ស្រែអំបិល និងទេសភាពតាមដងព្រែកកំពង់បាយ ព្រមទាំងកន្លែងបោះបង់ចំនួន ០៥ កន្លែង ដែលមានទេសភាពស្រស់បំព្រង ប្រកបដោយសុវត្ថិភាព។
លោក សយ ស៊ីណុល បានបញ្ជាក់ទៀតថា រមណីយដ្ឋានទេសចរណ៍ក្នុងខេត្តកំពត មាន២១កន្លែង រួមមាន៖ រមណីយដ្ឋានទឹកឈូ,ណាតាយ៉ា,កែបថ្មី,ឋានសួគ៌បូកគោ,ភ្នំដូង,ភ្នំកំពង់ត្រាច,កោះតាដា,ប្រាសាទភ្នំខ្យង,ប្រាសាទភ្នំឈ្ងោក,ទំនប់ម្លេច,ទំនប់ប្រទាក់ក្រឡា,កោះសេះ,ស្រះឈូក,អន្លង់ក្មេងលេង,វត្តត្រើយកោះ,ភ្នំនាងសេដាឱន,កសិទេសចរណ៍ចំការម្រេច
,ភ្នំទទុង,ស្ទឹងភេ,ជ្រលងភ្នំក្រហម,និងព្រែកក្តាតអេកូរីស៊ត៕ សេង ណារិទ្ធ





































