បារីគេចពន្ធចំនួន ៤០ ប៊ិច ត្រូវបានសមត្ថកិច្ចថៃចាប់បាន នៅក្នុងខេត្តច័ន្ទបុរី ជាប់ព្រំដែនស្រុកកំរៀង ខេត្តបាត់ដំបង ខណ:ដែលក្រុមឈ្មួញកំពុងដឹកបារីទាំងនេះ តាមរថយន្តដោយបានដាក់បង្កប់នៅក្រោមឡាំងផ្លែឈើ។
ការបង្ក្រាបទំនិញគេចពន្ធនេះបានធ្វើឡើងកាលពីវេលាម៉ោង ១២ ថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចភូមិសាមគ្គី ឃុំថាឆាង ស្រុកមឿង ខេត្តច័ន្ទបុរី ប្រទេសថៃ ។
ប៉ូលិសបានបញ្ជាក់ថា គេឧស្សាហ៍ឃើញរថយន្ត ១ គ្រឿង ម៉ាកអុីស៊ុយស៊ុយ ដែលពាក់ស្លាកលេខ បាងកក ៦៧៩១ នេះ ចេញចូលដាក់ទំនិញត្រង់ចំណុចខាងលើ ឬក៏នៅចំណុចស្រុកពោងណាំរ៉ន ជិតខ្សែបន្ទាត់ព្រំដែនកម្ពុជា ។ ដោយមានការសង្ស័យ សមត្ថកិច្ចថៃបានដាក់កម្លាំងចាំឃាត់រថយន្តនេះដើម្បីត្រួតពិនិត្យ ខណ:ដែលសមត្ថកិច្ចបង្ហាញខ្លួន អ្នកបើកបរបានព្យាយាមបើករត់គេច ទើបកម្លាំងបានដេញតាម ដោយបានតាមទាន់និងបានយករថយន្តពាំងពីមុខ នៅចំណុចក្រោយវត្តតាំងមេ ក្នុងស្រុកម៉ាក់ខាម ទើបអ្នកបើកបរបើទ្វាររត់ចូលចំការប្រជាពលរដ្ឋបាត់ស្រមោល។
ក្រោយពីសមត្ថកិច្ចជំនាញនាំយករថយន្តទៅកន្លែងដើម្បីបើកតង់ត្រួតពិនិត្យ គឺសង្គាយឃើញថា មានការដាក់តម្រៀបឡាំងសម្រាប់ដាក់ផ្លែឈើទទេៗនៅពីលើ និងមានប៊ិចបារីនៅខាងក្រោម ដែលមានបារី២ប្រភេទ សរុបចំនួន ៣៧ ប៊ិចធំ ដែលបាននាំចូលគេចពន្ធ។
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់ទំនិញទាំងនេះទៅអោយអង្គភាពគយ ដើម្បីចាត់ការតាមនីតិវិធី ដោយឡែកអ្នកបើកបរ សមត្ថកិច្ចនៅតែបន្តការរុករកដើម្បីនាំខ្លួនមកសាកសួរ៕ អត្ថបទ : ព្រាប.ស





































