រត់ចេញពីមណ្ឌលចត្តាឡីស័ក យកកាំបិតអារកខ្លួនដោយមិនដឹងមូលហេតុ

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក ក្បែបន្ទាត់ព្រំដែនកម្ពុជា ថៃ កំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះ បន្ទាប់ពីបានធ្វើអត្តឃាតដោយអារ.កខ្លួនឯង ស្ទើរតែដង្ហើមចង្រិតទៅហើយ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩ និង ៣០ នាទី ព្រឹក ថ្ងៃទី ៨ ខែមករា ឆ្នាំ២០២២ កើតហេតុនៅចំណុចមុខមណ្ឌលចត្តាឡីស័ក គីឡូ៩ ក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ជនរងគ្រោះមានឈ្មោះ ហួន ខាំឈូ ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិគោកលុន ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុខរបរកម្មករ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័កគីឡូ ៩ ។

តាមការបំភ្លឺពីសាក្សីឈ្មោះ ឃន សុខុន ភេទប្រុសអាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិអូរល្វា ឃុំជ្រៃសីមា បានបំភ្លឺអោយដឹងថា នៅវេលាម៉ោង ជាង ៩ ព្រឹកនៅពេលខ្លួនកំពុងដេកនៅលើអង្រឹងក្នុងរោងចំការរបស់ខ្លួនដើម្បីមើលពលករកាប់ដំឡូងឱ្យខ្លួននៅក្នុងដីចំការ ភ្លាមនោះស្រាប់តែឃើញបុរសម្នាក់ រត់ចេញពីមណ្ឌលចត្តាឡីស័ក ដោយឃើញនៅដៃទាំងសងខាងកាន់កាំបិតរត់មកត្រង់ដីចម្ការរបស់ខ្លួន ប្រហែល២០០ម៉ែត្រពីមណ្ឌល ហើយជនរងគ្រោះបានយកកាំបិតដែលខ្លួនកាន់ (កាំបិតស) ចាក់ទៅលើពោះតែមិនមុត ទើបប្រើកាំបិតកញ្ចែត អារ.កខ្លួនបណ្តើរស្រែកបណ្តើរ។

ដោយខ្លួនឃើញសភាពដូចនេះខ្លួនក៏បានស្រែកហៅពួកប្រុសៗដែលកំពុងកាប់ដំឡូងឲ្យមកជួយឃាត់ តែនៅពេលពួកខ្លួនទៅជិតដល់គ្មាមនរណាហ៊ានចូលទៅឃាត់ទេ ទើបធ្វើឲ្យជនរងគ្រោះ អារ.ក ខ្លួនឯងរហូតដាច់បំពង់ខ្យល់ បណ្ដាលឱ្យដេកដួលនៅលើដីចម្ការនោះតែម្ដង។

ភ្លាមៗនោះខ្លួនក៏បានឃើញសមត្ថកិច្ចនិងគ្រូពេទ្យបើករថយន្តមកជួយសង្គ្រោះនឹងនាំទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន និង បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងហើយ។ចំណែកមូលហេតុនៅមិនទាន់ដឹងនៅឡើយ ដោយគ្រាន់តែឮប្រជាពលរដ្ឋខ្លះបាននិយាយថា គេគឺជាមនុស្សមិនសូវគ្រប់ ៕ អត្ថបទ : ព្រាប.ស