កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យការដ្ឋានអ៊ុតផ្លូវកៅស៊ូ បេទីម ចំនួន២ខ្សែ ប្រវែងជិត៧០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ។
ឆ្លៀតក្នុងឱកាសចុះពិនិត្យគម្រោងស្ថាបនាផ្លូវខាងលើនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានជួបសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងផ្លូវខាងលេី ខណៈពួកគាត់មានការត្រេកអរសាទរជាខ្លាំងចំពោះសមិទ្ធផលថ្មីនេះ ដោយបច្ចុប្បន្នប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ ជាក់ស្តែងដូចជាការស្ថាបនាគម្រោងជួសជុលផ្លូវក្រាលកៅស៊ូខាងលេីនេះ គឺជាការបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នករស់នៅក្នុងតំបន់នោះផងដែរ ។
គួរបញ្ជាក់ថា គម្រោងជួសជុលផ្លូវកៅស៊ូ ប្រភេទAC ប្រវែង ៦៥២ម៉ែត្រ ទទឹង៧.៥ ម៉ែត្រ លើកំណាត់ផ្លូវលេខ៤៩ចាប់ពី កែងផ្លូវត្រសក់ផ្អែម រហូតដល់ផ្លូវភ្លោះមុនីវង្ស(ក្រោយសាលាបឋមសិក្សាឧត្តរ) ស្ថិតក្នុងសង្កាត់ កំពង់ចាម ក្រុងកំពង់ចាម សរុបតម្លៃ ៧០៤លានរៀល ដែលជាប្រភពថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២២ ៕





































