ខេត្តតាកែវ ៖ ជនសង្ស័យជាច្រើននាក់ជាមួយនិងថ្នាំញៀនខុសច្បាប់ដែលជាវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថនិងកម្លាំងប៉ូលីសខេត្តតាកែវបង្ក្រាបបានជាបន្តបន្ទាប់នៅសប្តាហ៍ទីមួយដើមខែមករា ឆ្នាំ២០២២នេះ។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដែលមានលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ជាស្នងការនគរបាលខេត្តតាកែវ ក៏ដូចជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលតាមបណ្តាស្រុក ក្រុង ទាំង១០នៃខេត្តតាកែវ បានបើកប្រតិបត្តិការក្តៅ ស្រាវជ្រាវបង្ក្រាបជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់បានជាបន្តបន្ទាប់ មានទាំងជនសង្ស័យដែលកំពុងតាមដាននិងជនសង្ស័យដែលមានដីកាតាមចាប់ខ្លួន។
ករណីបង្ក្រាប់ការចរាចរជួញដូរនិងប្រើប្រាស់គ្រឿងញៀនពីសំណាក់សមត្ថកិច្ចជំនាញមិនលុះថ្ងៃនេះ មហាជនសង្ឃឹមថា សូមជាប្រតិបត្តិការដូចភ្លៀងរលឹម និងប្រតិបត្តិការក្តៅទៅចុះ ព្រោះរាល់ថ្ងៃនេះកុំសូម្បីតែនៅទីប្រជុំជនដែលមានគ្រឿងញៀនខុសច្បាប់ចរាចរ នៅទីស្រែចំការដាច់ស្រយ៉ាលក៏មានអ្នកលក់និងអ្នកប្រើប្រាស់គ្រឿងញៀនដែរ។
មហាជនជាច្រើនបានសាទរនិងចំណាត់ការរបស់សមត្ថកិច្ចក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ហើយសង្ឃឹមថា តាមភូមិស្រុកពួកគាត់នឹងកាត់បន្ថយ រហូតឈានទៅរកការលុបបំបាត់បានល្អប្រសើរនូវគ្រឿងញៀនខុសច្បាប់ ស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដែលបានដាក់ចេញដោយរាជរដ្ឋភិបាល។ ព្រោះបើមិនទប់ស្កាត់ការរីរាលដាលនៃគ្រឿងញៀននេះទេ អំពើហិង្សាព្រៃផ្សៃ ក៏ដូចជាអំពើអសន្តិសុខផ្សេងៗនិងកើតឡើងក្នុងភូមិស្រុករៀងរាល់ថ្ងៃជាក់ជាមិនខាន៕ ពូស៊្មីត





































