ឯកឧត្តម សុក ផេង ថ្លែងអំណរគុណ​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ ដែលតែងតែដោះស្រាយបញ្ហាប្រឈម​ជូន​ ពលរដ្ឋ​ក្នុងឃុំល្វាលេី​

កំពង់ចាម​:​ ក្នុង​អង្គសន្និបាតគណ:កម្មាធិការគណបក្ស ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម​ នារសៀលថ្ងៃទី៨​ ខែមករា ឆ្នាំ២០២២​នេះ​ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំល្វាលើ បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ ដែលតែងតែជួយឧបត្ថម្ភ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ក៏ដូចជាគណៈបក្សក្នុងឃុំល្វាលើ កន្លងទៅផងដែរ ។

គួរ​បញ្ជាក់​ថា​ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សឃុំល្វាលើ បានបេីកអង្គសន្និបាតបូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍឃុំពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍឃុំពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ សំដៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។ ជាមួយគ្នានេះ សន្និបាតក៏បានប្រកាសបង្ហាញមុខបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ក្នុងអាណត្តិទី៥នេះផងដែរ។

ពិធីនេះ ធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំល្វាលើ ស្រុកចំការលើ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ខ្លូត ចិន្តា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកចំការលើ ឯកឧត្តម កែវ នាឫទ្ធិ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកសមាជិកាអង្គសន្និបាត សរុប ២១៣នាក់​ ៕