បារីគេចពន្ធនាំចេញពីកម្ពុជា ៦.០០០ កញ្ចប់ ត្រូវទាហានថៃចាប់បាន

បារី ៣ ប្រភេទ សរុបមានចំនួន ៦.០០០ កញ្ចប់ ដែលបាននាំឆ្លងដែនចេញពីកម្ពុជា ដើម្បីយកទៅ ចែកចាយ ក្នុងប្រទេសថៃ ត្រូវទាហានឈុតខ្មៅថៃប្រចាំព្រំដែនខេត្តសុីសាកេត ចាប់បាន រួមជាមួយនិងជនជាតិថៃចំនួន ២ នាក់ ផងដែរ។

កិច្ចប្រតិបត្តិការរបស់ទាហានឈុតខ្មៅ លេខ៣ របស់ថៃ បានធ្វើឡើងនៅល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីមានការសង្ស័យទៅលើរថយន្តមួយគ្រឿង ម៉ាកតូយូតា ពាក់ស្លាកលេខ ស៊ីសាកេត ៣២៨៩ ។ ដោយឃាត់រថយន្តនៅចំណុចក្បែរព្រំដែនច្រកជាំស្រងាំ ភាគខាងកើតនៃភូមិ៤ ឃុំផៃផាត់តាណា ស្រុកភូសឹង្ហ ខេត្តសុីសាកេត។

ក្រោយការត្រួតពិនិត្យគេឃើញមានជនជាតិថៃចំនួន២នាក់ សុទ្ធសឹងជាអ្នករស់នៅក្នុងខេត្តស៊ីសាកេត ដោយឡែកនៅគូទរថយន្តគឺមានកែសក្រដាសជាច្រើន ហើយនៅក្នុងនោះសមត្ថកិច្ចបានរកឃើញមានបារីគេចពន្ធចំនួន ៣ យីហោ ។

នារីទាំងនោះគឺមានយីហោ SMS ចំនួន ៤៤០ កញ្ចប់ យីហោ Marlboro មានចំនួន ៦០០ កញ្ចប់ និង យីហោ Texas5 ចំនួន ៤.៩៦០ កញ្ចប់ សរុបមានចំនួន ៦.០០០ កញ្ចប់ ដែលពួកគេបានសារភាពថា ទិញពីកម្ពុជាដើម្បីយកទៅលក់បន្តក្នុងប្រទេសថៃ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងយោធាថៃ ប្រគល់ទៅអោយអង្គភាពជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ៕ អត្ថបទ : ព្រាប.ស