ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថាការអប់រំមិនបានដិតដល់ឬការបែកបាក់ក្នុងគ្រួសារក៏ជាប្រភពដែលបង្កើតឲ្យមានការប្រព្រឹត្ត នូវឧក្រិដ្ឋកម្មនិងអំពើអបាយមុខ

កំពង់ចាម ៖ ក្នុង ឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ និងទិវាដឹងគុណគ្រូ នៅវិទ្យាល័យ ព្រះសីហនុ ក្រុងកំពង់ចាម នាព្រឹក ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការអប់រំមិនបានដិតដល់ ឬការបែកបាក់ក្នុងគ្រួសារក៏ជាប្រភពដែលបង្កើត ឲ្យមានការប្រព្រឹត្ត នូវឧក្រិដ្ឋកម្ម និងអំពើអបាយមុខ ដូច្នេះមាតាបិតា អាណាព្យាបាលសិស្ស ត្រូវជួយ គ្រប់គ្រងអប់រំកូនចៅ ឲ្យស្ថិតនៅក្នុងសាលារៀន ក្នុងលំនៅដ្ឋាន ក្នុងរង្វង់នៃការកម្សាន្តជាមួយក្រុមគ្រួសារ និងមិត្តភ័ក្រដែលត្រឹមត្រូវ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងថា ជាការពិតណាស់ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលក្នុងសាលារៀន ដែលមានគ្រូបង្រៀន “គឺជាអ្នកសម្រួចអនាគតរបស់សិស្ស ឪពុក ម្ដាយទី២ និងជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ”។ ប៉ុន្តែត្រូវមានកិច្ចសហការពីមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់គ្រូបង្រៀន និងអ្នកអប់រំទាំងអស់ សូមបន្តការអនុវត្តគោលការណ៍ អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាព ឲ្យបានជ្រួតជ្រាបដល់សិស្សានុសិស្សគ្រប់ភូមិសិក្សា ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត ដើម្បីកសាងយុវជនជំនាន់ថ្មី ប្រកបដោយការរីកចម្រើនលើគ្រប់វិស័យ ។ និងសូម បញ្ជូនកូនចៅដែលគ្រប់អាយុ ដល់វ័យសិក្សា ឲ្យ ចូលរៀនបានគ្រប់ៗគ្នា ហេីយត្រូវយកចិត្តទុកដាក់ជំរុញ និងដាស់តឿនកូនចៅ ឲ្យ ខិតខំ សិក្សារៀនសូត្រផង ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បាន ក្រេីនរំលឹកដល់ ដល់ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ទាំងអស់ ត្រូវ មានការ ប្រុងប្រយ័ត្ន ខ្ពស់ ខិតខំ ការពារ ខ្លួន ឲ្យ ជៀសផុតពីជំងឺ កូវីដ -១៩បម្លែង ថ្មី តាម រយៈ វិធានការ ៣ការពារ ៣កុំ ហេីយ ត្រូវ នាំគ្នា ទៅ ចាក់ វ៉ាក់សាំង ឲ្យ បាន គ្រប់ៗ គ្នា ជាពិសេស ត្រូវ ចាក់ ដូស ជំរុញ ទី ៣ ផងដែរ ៕