ឯកឧត្តម ជាម ច័ន្ទសោភ័ណ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ គ្រប់កម្រិតសិក្សាទូទាំងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ​:​​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ​ អភិបាលខេត្ត​ត្បូងឃ្មុំ​ បានថ្លែងថា​ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញរហូតដល់សព្វថ្ងៃ តាមរយៈនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ទើបវិស័យអប់រំ មានសន្ទុះរីកចម្រើន និងការអភិវឌ្ឍ ពោលគឺមានសាលារៀនគ្រប់មូលដ្ឋានទូទាំងប្រទេស​ ដូច្នេះ​ក្មួយៗសិស្សានុសិស្ស​ ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់​យក​ចំណេះវិជ្ជាជាទុក​ សម្រាប់អនាគតខ្លួន ក្រុមគ្រួសារ និងសង្គមជាតិកម្ពុជាទាំងមូលផងដែរ​ ។​ ការ​ការថ្លែង​យ៉ាង​ដូច្នេះ​ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្ស២០២១-២០២២ គ្រប់កម្រិតសិក្សាទូទាំងខេត្តត្បូងឃ្មុំ ដែលបាន​ធ្វើឡើងនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន អម្ពវ័នជំនីក ក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២​ ។

 

ឆ្លៀតក្នុងឳកាសនោះដែរ​ ឯកឧត្តមអភិបាលខេត្ត​ បានធ្វើការក្រើនរំលឹក ក៏ដូចជាអំពាវនាវដល់គ្រប់គ្រឹះស្ថានសិក្សា បន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ដោយអនុវត្ត តាមអភិក្រម“៣កុំ ៣ការពារ” ជាពិសេសសូមមានវិធានការឆ្លើយតបនិងចូលរួមទប់ស្កាត់ភ្លាមៗ ដើម្បីការពារកុំឱ្យមានការឆ្លងកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំអំពី សុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ព្រមទាំងត្រូវយកចិត្តទុកដាក់ក្នុងការគាំទ្រសុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់ សិស្សានុសិស្ស ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ឬប្រយោលពីជំងឺកូវីដ-១៩ផងដែរ។

 

ជាមួយគ្នានោះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បានចែកលិខិតថ្លែងអំណរគុណ ដល់សប្បុរសជនដែលចូលរួមជួយឧបត្តម្ភក្នុងការបើកបវេសនកាលពេលនេះ ចែកលិខិតសរសើរនិងអំណោយដល់លោកគ្រូ-អ្នកគ្រូ ដែលបានចូលនិវត្តន៍ ជាការលើកទឹកចិត្តក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ ដឹងគុណចំពោះគ្រូបង្រៀន ក៍ដូចជាចែកលិខិតសរសើរ និងវត្ថុអនុស្សាវរីយ៍ដល់សិស្សពូកែ ក្នុងការខិតខំប្រឹងប្រែងសិក្សាផងដែរ៕