ខេត្តស្ទឹងត្រែង៖ កុមារាវ័យ១៤ឆ្នាំម្នាក់ ត្រូវបានរថយន្តដឹកដីពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម មួយគ្រឿង កិនបែកខួរស្លាប់នៅនឹងកន្លែងកើតហេតុ និងបុរសពីរនាក់ទៀត បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៥ និង២៥នាទីល្ងាច ថ្ងៃទី១០មករាឆ្នាំ២០២២ នៅលើដងផ្លូវជាតិលេខ ៧អា ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
អ្នកឃើញហេតុការណ៍គ្រោះថ្នាក់នេះ បាននិយាយថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ ០១. ៣-២២១០ បានបើកបោះពួយយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច រួចបានជ្រុលចង្កូតទៅបុកគោយន្តកន្ត្រៃដឹកអុស ១គ្រឿងពីក្រោយពេញទំហ៊ឹង បណ្តាលឲ្យអ្នកធ្វើដំណើរ ៣នាក់ ដែលជិះនៅលើគោយន្តកន្ត្រៃនោះ ប៉ើងខ្ទាតទៅលើទ្រូងផ្លូវស្លាប់ម្នាក់ និងពីរនាក់ទៀត រងរបួសធ្ងន់ និងស្រាល។
សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះទាំង ៣នាក់ គឺ ១.ឈ្មោះ ឌឿន វែន ភេទប្រុស អាយុ ១៤ឆ្នាំ (ស្លាប់) ២.ឈ្មោះ ផាន់ ខឿន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កសិកររងរបួសធ្ងន់ និង ៣.ឈ្មោះ សន ឆក ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកសិករ រងរបួសស្រាល អ្នកទាំង៣ រស់នៅស្រែតាប៉ាន ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ ចំណែក អ្នកបើកបររថយន្តដឹកដី មិនស្គាល់អត្តសញ្ញាណនោះទេ និងនៅក្នុងពេលកំពុងកើតហេតុ គេបានទុករថយន្តចោល និងបានរត់គេចខ្លួនបាត់ស្រមោល។
សាក្សីបាននិយាយថា ក្រោយពេលកើតហេតុអស់ពេលជាយូរ ដោយរង់ចាំរថយន្តសង្គ្រោះបន្ទាន់ និងមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយូរពេក ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ រួមទាំងសាច់ញាតិជនរងគ្រោះ បានរួមគ្នាដឹកអ្នកដែលរងរបួសទៅកាន់ឃ្លីនិកឯកជន។ ចំណែក សាកសពកុមារារងគ្រោះ ទុកនៅលើទ្រូងផ្លូវ ដោយរង់ចាំមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចុះវាស់វែងរួច ទើបសាច់ញាតិនាំយកទៅផ្ទះ ដើម្បីរៀបចំទុកដាក់ធ្វើបុណ្យ ទៅតាមប្រពៃណី។ ដោយឡែក រថយន្តបង្កហេតុ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ចុះធ្វើការវាស់វែង និងបាននាំយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ចាត់ការតាមនីតិវិធី។
សាច់ញាតិជនរងគ្រោះ បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ជួយបើកការស្រាវជ្រាវរកមុខជន បើកបររថយន្តបង្កការស្លាប់ជីវិតមនុស្សម្នាក់ និងធ្វើឲ្យពីរនាក់ទៀតរងរបួស នាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ឲ្យខាងតែបានផង៕