បន្ទាយមានជ័យ៖ពិធីបើកបវេសនកាលថ្នាក់ខេត្តបន្ទាយមានជ័យ ឆ្នាំសិក្សា២០២១ -២២ បានប្រារព្ធនៅវិទ្យាល័យហ៊ុន សែនខ្លាកូនសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណនារសៀលថ្ងៃទី១០ខែមករាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងចូលរួមដោយលោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកឧត្តមទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកប្រធាន / អនុប្រធានមន្ទីរ អង្គភាព លោកអភិបាលក្រុង អង្គការ សមាគម ដៃគូអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ សិស្សនិងមាតាបីតាសិស្សជាច្រើន ។
លោកសុខ ចំណាន នាយកវិទ្យាល័យហ៊ុន សែនខ្លាកូនបានស្វាគមន៍ថា: វិទ្យាល័យនេះ មានបុគ្គលិកអប់រំ៧១នាក់ ហើយឆ្នាំសិក្សា២០២០-២១មានសិស្សសរុប១.១១៤នាក់/ស្រី៦៦០នាក់ ។សិស្សប្រឡងជាប់មធ្យមភាគសរុប៧៥០នាក់/ ស្រី៤៥៤នាក់ ។ ឆ្នាំសិក្សា ២០២១-២២ នេះ មានសិស្សសរុប១.១៦០នាក់/ស្រី៦៧៨នាក់ (ពីទី៧ដល់ទី១២) ។
លោកបន្តថា :សាលាមានអគារសិក្សា៧អគារ ក្នុងនោះមានអគារធនធាន១ខ្នងផង ដែលមានបន្ទប់ពិសោធន៍២បន្ទប់ បន្ទប់កុំព្យួរទ័រ២បន្ទប់ និងបណ្ណាល័យ១បន្ទប់ ។ ក្នុងនោះ កាលពីថ្ងៃទី២០ខេតុលាឆ្នាំ២០១៦ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងប្រតិភូបានអញ្ជើញមកដល់សាលាសួរសុខទុក្ខ គ្រូ សិស្ស ហើយបានផ្តល់អគារសិក្សា១ខ្នងស្មើ៣ជាន់ ស្មើ៣០បន្ទប់ អគារស្នាក់នៅគ្រូ១ខ្នង ២ ជាន់និងអគារទីចាត់ការ១ខ្នង ផ្តល់កុំព្យួរទ័រ២០គ្រឿង ម៉ាស៊ីនព្រីនធ័រ២គ្រឿងនិងម៉ាស៊ីនថត១គ្រឿង ។
លោកឈួន ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២១-២២ ដោយលើកឡើងនូវ១៣ចំណុចដើម្បីអោយលទ្ធផលល្អប្រសើរ តាមរំពឹងទុកនៃគោលនយោបាយអប់រំ”គន្លងប្រក្រតីថ្មីនៃវិស័យអប់រំ”។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា :ក្នុងអាណត្តិទី៦នេះ សម្តេតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ ដោយចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្សជាអាទិភាពទី១ ។
ក្នុងនោះក្រសួងអប់រំបានប្តេជ្ញាសម្រេចអោយបានបាននូវមុំទី១ ស្តីពី “ការពង្រឹងគុណភាពគុណភាពអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា” ។
ឯកឧត្ដម សូមអបអរសាទរពិធីបើកបវេសនកាលថ្មី ហើយសូមលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សចូលរួមអនុវត្ត៦ចំណុចសំខាន់ៗ សំដៅអោយសម្រេចបានគោលដៅរបស់យើង ។
ដ៏រីករាយសម្រាប់ដំណើរការបត្រៀម រៀននៅនៃបវេសនកាលនេះដែរ ក៏មានការប្រគល់ប័ណ្ណសរសើរជូនសមាជិកក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារ ,ប្រគល់លិខិតថ្លែងអំណរគុណដល់អង្គការកុមារជ័យ,ដល់អង្គការសមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ និងជូន ប័ណ្ណសរសើរជូនលោកគ្រូអ្នកគ្រូដែលមានស្នាដៃល្អ ,ចែករង្វាន់និងប័ណ្ណសរសើរជូនសិស្សានុសិស្សដែលប្រឡងឌីប្លូម ទទួលបាននិទ្ទេសល្អ, ចែករង្វាន់និងប័ណ្ណសរសើរដល់សិស្សទទួលចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣និងចែកកង់១១គ្រឿងដល់សិស្សក្រីក្រីផងដែរ ៕ដោយ៖ឃិន គន្ធា







































