ខេត្តកំពង់ឆ្នាំង៖ ដើម្បីរៀបចំសោភ័ណភាពនិងសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរតាមបណ្ដោយផ្លូវចៀស
វាងការកកស្ទះរដ្ឌបាលឃុំឆ្នុកទ្រូដឹកនាំដោយលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូនៅព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២២នេះ បានសហការជាមួយកម្លាំងចំរុះស្រុកបរិបូណ៌បានចុះទៅពិនិត្យមើលជាក់ស្ដែងអំពីការលក់ដូររបស់អាជីវករនៅតាមដងផ្លូវនៅមុខផ្សារឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងឪកាសនោះលោកសាំង គឹមស៊នបានបញ្ជាក់ថាការលក់ដូររបស់អាជីវករ នៅតាមដងផ្លូវពុំមានសណ្ដាប់ធ្នាប់ល្អនោះទេ ដោយសារអាជីវករនៅទីនេះយកចិញ្ចើមផ្លូវដាក់ជាតូបលក់ដូរដែលធ្វើឲ្យ កកស្ទះដល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋនិងម្យ៉ាងទៀតបង្កហានិភ័យផ្សេងៗព្រោះតាមផ្លូវនេះរថយន្តតូចធំបានចេញចូលច្រើន ដែលនៅពេលនេះរដ្ឌបាលឃុំឆ្នុកទ្រូ នឹងកម្លាំងចំរុះនឹងធ្វើការរៀបចំនិងអភិវឌ្ឍន៍ឡើងវិញ។
លោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូបានបញ្ជាក់ឲ្យដឹងទៀតថា នៅពេលខាងមុខនេះគម្រោងអភិវឌ្ឍន៍ផ្លូវនេះនឹងចាក់
ដីពង្រឹងជើងទេផ្លូវឲ្យបានធំទូលាយជាងមុនដែលជាគម្រោងរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដូចនេះដើម្បីឲ្យដំណើរការនៃការអភិវឌ្ឍន៍គម្រោងបានរលូននិងទទួលជោគជ័យរដ្ឌបាល ឃុំស្នើសុំឲ្យអាជីវករទាំងអស់ មេត្តាយោគយល់និងធ្វើការបំលាស់ទីតូបលក់ដូររបស់ខ្លួនពីផ្លូវដែលលក់បច្ចុប្បន្នដែលអាចទៅលក់ដូរបាននៅផ្សារថ្មីដែលអាជ្ញាធរឃុំស្រុកបានធ្វើការអភិវឌ្ឍន៍រួចហើយ។
ជាចុងក្រោយ លោកឈួរ ច័ន្ទរិទ្ធី អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា
នៅឆ្នាំនេះមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងមានគម្រោងអភិវឌ្ឍន៍ផ្លូវកៅស៊ូដែលមានប្រវែងជាង
២ពាន់ម៉ែត្រផ្លូវបេតុងប្រវែងជាង២០០ម៉ែត្របន្ថែមទៀតនិងចាក់ដីពង្រឹងជើងទេបន្ថែមទៀត ដើម្បីចៀសវាងផលប៉ះពាល់នៃការអនុវត្តគម្រោងនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែ ចូលរួមអនុវត្តតាម
ការណែនាំរបស់រដ្ឌបាលឃុំស្រុកព្រោះថាគម្រោងនេះនឹងអនុវត្តបន្ត នៅពេលឆាប់ៗខាងមុខនេះហើយ ដើម្បីឲ្យឆាប់រួចរាល់តាមផែនការនៃការអនុវត្តគម្រោង៕សុខ គឹមសៀន





































