ប៉ៃលិន ៖ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ បានអញ្ជើញជាគណអធិបតីក្នុង ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២១ ២០២២ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ដោយមានការចូលរួមពីអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់។
ក្នុងឪកាសប្រារព្វពិធីនេះដែរ លោកជំទាវ ក៏លេីកទឹកចិត្ត ដល់យក្មួយៗសិស្សានុសិស្ស សម្រាប់បវេសនការថ្មីនេះ ត្រូវខិតខំរៀនសូត្រយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ ធ្វើជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ។ ក្រៅពីការសិក្សានៅសាលារៀន ក្មួយៗ គួរឆ្លៀតពេលរៀនជំនាញបច្ចេកទេស ធ្វើការដាំដុះបន្លែ ដំណាំហូបផ្លែ និងចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីជួយសម្រួលបន្ទុកគ្រួសារ និងបង្កើនជំនាញសម្រាប់ខ្លួនឯង
ក្នុងឱកាសនោះដែរ លោកជំទាវ បានកោតសរសើរដល់លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ និងថ្នាក់ដឹកនាំមន្ទីរអប់រំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពី បង្ហាត់បង្រៀនដល់សិស្សានុសិស្ស ទោះឋិតក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមរយៈការបង្រៀនផ្ទាល់និងការបង្រៀន ពីចំងាយ (អនឡាញ ) ។
លោកជំទាវ អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន ហើយខិតខំរៀនសូត្រដើម្បីក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ ជាធនធានមនុស្សជួយសង្គមអោយមានការរីកចម្រើន ។ លោកជំទាវបានបន្តថា ដើម្បីចៀសបានពីស្លាប់ដោយវីរុសកូវីដ១៩ បំលែងថ្មី (អូមីក្រុង) ក្មួយៗត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នា ដូច្នេះសូមក្មួយៗ លោកគ្រូអ្នកគ្រូ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ សូមមកចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា និងត្រៀមខ្លួន សម្រាប់ដូសទី៤ផងដែរ។
បើយោងតាមរបាយកាណ៍ លោក តង់ ធារ៉ា ប្រធាន មន្ទីរ អប់រំ យុវជន និង កីឡា ខេត្ត ប៉ៃលិន បានឱ្យ ដឹងថា ឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រឹះស្ថាន សិក្សា សាធារណៈ ទូទាំង ខេត្ត នឹង ដំណេីរការរៀន និងបង្រៀន មានមធ្យមសិក្សា ៩កន្លែង វិទ្យាល័យ ចំនួន០២ កន្លែង និងអនុវិទ្យាល័យ ចំនួន០៧ កន្លែង មានសិស្សសរុប ៥៧២៣ នាក់ ក្នុងនោះស្រី ៣១១៦ នាក់ បឋមសិក្សា សាធារណៈ និងឯកជន ចំនួន ៥៦សាលា មានសិស្សសរុប ១១៧៥៤ ស្រី ៥៦៩៥ នាក់ មេតេយ្យ សាធារណៈ មត្តេយ្យសហគមន៍និងមត្តេយ្យឯកជន ២០៦០ នាក់ ស្រី ៨៣៧នាក់ ។ បុគ្គលិកអប់រំសរុប ៨២៥ នាក់ស្រី ៤០១នាក់ ៕យាយ យ៉ាត







































