រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តការណ៍ជិះកង់ យកថវិកាកសាងសាលារៀនតំបន់ដាច់ស្រយាល និងឧបត្ថម្ភមន្ទីរពេទ្យ

បាត់ដំបង ៖ ខេត្ដបាត់ដំបងនឹងបង្កើតព្រឹត្តិការណ៍ជិះកង់ រៃអង្គាសថវិកាដើម្បីយកទៅកសាង សាលារៀនដាច់ស្រយាលមួយស្ថិតក្នុងស្រុករុក្ខគីរី និងឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរសៀមរាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ជិះកង់ខេត្ដបាត់ដំបង បានរៀបចំព្រឹត្តិការណ៍ជិះកង់ក្នុងខេត្ដនេះគឺជាលើកទី១ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ វប្បធម៌ ការអប់រំ លើកស្ទួយសុខភាពកុមារ រៃអង្គាសថវិកាពីសប្បុរសជន និងអ្នកចូលរួម ដើម្បីយកទៅកសាងសាលារៀនក្នុងតំបន់ដាច់ស្រយាលមួយនៅស្រុករុក្ខគីរី និងឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរសៀមរាប ដែលកំពុងជួបបញ្ហាខ្វះខាតនូវថវិកា។

ព្រឹត្តិការណ៍ជិះកង់នេះ នឹងប្រព្រឹត្តិទៅនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ដោយជិះកង់ចេញដំណើរ ពីរមុខសាលាខេត្ដបាត់ដំបង ឆ្ពោះទៅកាន់ប្រសាទបាសែត ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្ដបាត់ដំបង ការជិះកង់នេះគឺមានចម្ងាយ ៣០គីឡូម៉ែត្រ(ទៅ-មក)។

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ជិះកង់ បានអំពាវនាវសូម អភិបាលក្រុង ស្រុក និង ប្រធានមន្ទីរ អង្គភាព ផ្សព្វផ្សាយជូនដំណឹងដល់មន្ត្រីរាជការ និងបុគ្គលិក ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករតាមការគួរ។

សម្រាប់សាធារណៈជន និងសប្បុរសជនដែលមានបំណងចុះឈ្មោះចូលរួមគឺអាចចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សូមទំនាក់ទំនងចុះឈ្មោះមកកាន់លេខទូរស័ព្ទ ០១២ ៣៦ ៥៤ ៥៤។

គួរបញ្ជាក់ថា តម្លៃសំបុត្រចូលរួម ១៥ដុល្លារ អ្នកចូលរួមនឹងទទួលបានអាវយឺត១ ទឹក អាហារសម្រន់ ចូលរួមលេងហ្គេម Treasure Hunt និងអារហារពេលថ្ងៃត្រង់ផងដែរ៕ អត្ថបទ : ព្រាប.ស