កំពង់ចាម: លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំបឹងណាយ ស្រុកព្រៃឈរ បានមានប្រសាសន៍ថ្លែងអំណរគុណដល់លោក លោកស្រី សមាជិក សមាជិកា ទាំងអស់ដែលបានខិតខំ អនុវត្តបាននូវគោលការ ក៏ដូចជា គាំទ្រ ដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ក៏ដូចជាគណៈបក្សក្នុងឃុំបឹងណាយ កន្លងទៅផងដែរ។
លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំបឹងណាយ ស្រុកព្រៃឈរ នៅថ្ងៃអង្គារ៍ ទី១១ ខែមករា ឆ្នាំ២០២២នេះបានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំបឹងណាយ។
សន្និបាតក៏បានលើកឡើងពីការបូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍសង្កាត់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍសង្កាត់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ សំដៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ជាមួយគ្នានេះ សន្និបាតក៏បានប្រកាសបង្ហាញមុខបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំបឹងណាយ ក្នុងអាណត្តិទី៥នេះ៕





































