ថវិកា៦លានរៀលត្រូវបានប្រគល់ជូនក្រុមគ្រួសារនៃសពលោក គង់ ដារ៉ា មន្ត្រីខណ្ឌរដ្ឋបាលជលផល ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

កំពង់ធំ ÷ រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោក ឈរ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងសហការី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បាននាំថវិកាចំនួន(៦លានរៀល)ជូនដល់សពលោក គង់ ដារ៉ា មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ធំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលបាន ទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជន្មាយុ៥៦ឆ្នាំ ដោយរោគគាពាធ។ សពនេះបានធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិព្រៃពន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែរ ខេត្តកំពង់ធំ ។

លោក ឈរ បៀងគង់ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចូលរួមចូលរួមមានប្រសាសន៍ថា មរណភាពរបស់លោក គង់ ដារ៉ា គឺជាការបាត់បង់មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំបំពេញការងារជូនរដ្ឋកន្លងមក ដោយបានបន្សល់ទុកនូវស្នាដៃជាច្រើនដល់អ្នកជំនាន់ក្រោយ និងជាការបាត់បង់នូវមន្ត្រីល្អៗ ដែលជាអ្នកមានគុណប្រកបដោយព្រហ្មវិហារធម៌ជាទីគោរព និងជាទីស្រឡាញ់។ ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ខ្ញុំសូមសំដែងនូវសមាណចិត្តដ៏សែនក្តុកក្តួល សោកស្ដាយស្រណោះអាឡោះអាល័យក្រៃលែងសូមចូលរួមមរណៈទុក្ខជាមួយលោក ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសពលោក គង់ ដារ៉ា ប្រកបដោយសមាណទុក្ខ ក្តីសង្វេគ រកទីបំផុតគ្មាន និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោក គង់ ដារ៉ា ស្ថិតនៅតាមជួយថែរក្សាក្រុមគ្រួសារ និងបានទៅចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះដែរក្រុមគ្រួសារនៃសពសូមថ្លែងអំណរគុណដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់ ផ្ដល់ថវិកាជូនក្រុមគ្រួសារនៃសព សូមឲ្យថ្នាក់ដឹកនាំទាំងអស់ជួបនៅពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។