ខេត្តកំពង់ឆ្នាំង ៖ រថយន្ដ 3 គ្រឿង រួមទាំងម៉ូតូ1គ្រឿង បានបុកគ្នាជាបន្តបន្ទាប់ បណ្ដាលឱ្យ ជាប់គ្នាស្ទះចរាចរណ៍ ជាច្រើនម៉ោង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 4និង10 រសៀលថ្ងៃទី 11 ខែមករាឆ្នាំ 2022 លើកំណាត់ផ្លូវជាតិលេខ 5 នៅចំណុចស្ពានខ្សាម ស្ថិតក្នុងភូមិទី 3 សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានអោយដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ដែលជារថយន្តបង្ក ម៉ាក តូយ៉ូតាពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង 2pc.70.70 បើកបរដោយឈ្មោះភា ផាត អាយុ 67 ឆ្នាំជាមន្ត្រីចូលនិវត្តន៍ មានទីលំនៅភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ បានបើកបររថយន្តក្នុងទិសដៅពី ទិសខាងលិចទៅកើត លុះមកដល់ចំណុចកើតហេតុបាន បើកវ៉ាជែងរថយន្ត 1 គ្រឿង បណ្ដាលឲ្យជ្រុលទៅបុកនិងរថយន្ត 2 គ្រឿង នឹងបុកទៅម៉ូតូមួយគ្រឿងទៀត ក្នុងដំណើរច្រាស់ទិសគ្នា រួចជ្រុលបុកនឹងបង្កាន់ដៃស្ពាន បណ្ដាលឱ្យជាប់គាំងនិងស្ទះចរាចរណ៍ជាច្រើនម៉ោង ផងដែរ។
ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា រថយន្ត2គ្រឿងដែលបើកច្រាសទិសជាមួយរថយន្តបង្ក មានទី1ម៉ាក លុចស៊ីស ពណ៌ ពាក់ស្លាកលេខកំពង់ឆ្នាំង 2 B.38.39 បើកបរដោយឈ្មោះ ស៊ុត ឆាយនី អាយុ 35 ឆ្នាំមុខរបរ គ្រូពេទ្យមានទីលំនៅភូមិ ទី 3 សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង និងរថយន្តទី2ម៉ាក toyota prius ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2BG.50.12 បើកបរដោយឈ្មោះ មាស ភារ៉ា អាយុ35 ឆ្នាំមានទីលំនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណែកអ្នកបើកបរម៉ូតូមួយគ្រឿងទៀតដែលរងគ្រោះសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
នៅក្នុងហេតុការណ៍នោះ បានបង្កឲ្យខូចខាតរថយន្ត3គ្រឿងនិងម៉ូតូ1គ្រឿងបាក់បង្កាន់ដៃស្ពានប្រមាណ 3 ម៉ែត្រ ចំណែកមនុស្សរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់និងឃាត់ខ្លួនអ្នក បើកបរបង្ករម្នាក់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានប្រមូលយក មធ្យោបាយ ធ្វើដំណើរទាំង
4 គ្រឿង ទៅរក្សាទុកដើម្បីរង់ចាំ ការដោះស្រាយតាមនីតិវិធី ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសមត្ថកិច្ចបញ្ជាក់ថាបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទើប បណ្តាលឲ្យបុកគ្នាតែម្ដងនិងស្ទះចរាចរណ៍ជាច្រើនម៉ោងផងដែរ៕ សុខ គឹមសៀន




































