ខេត្តបាត់ដំបង ៖ យុវជន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានរកឃើញថា ពួកគេបាននាំគ្នា យកគ្រឿងញៀនលាក់ទុកក្នុងតូបជួសជុលម៉ូតូមួយកន្លែងខណៈ:ពេលដែលឃើញប៉ូលិសកំពុងល្បាតមកដល់ក្បែ។
លោកអធិការ សេង លុច បានលើកឡើងថា កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនាថ្ងៃទី១១ ខែមករាឆ្នាំ២០២២ វេលាម៉ោង ៣ និង៣០នាទី រសៀល នៅចំនុចតូបជួសជុលម៉ូតូមួយកន្លែង ក្នុងក្រុមទី ០៥ ភូមិ ធ្មា ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ លោកបានបន្តថា នៅក្នុងកិច្ចប្រតិបត្តិការនោះ គឺមានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល តាពូង គោកឃ្មុំ និងបន្សាយត្រែង នៃអធិការដ្ឋាននគរបាល ស្រុកថ្មគោល បានចុះបង្រ្កាប បានករណី រក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ដោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ គឺៈ១-ឈ្មោះ ប៊ូន សុភ័ណ (ហៅយែស) ភេទប្រុស អាយុ២៨ឆ្នាំ ២-ឈ្មោះ ឯម សាមឿត ភេទប្រុស អាយុ២៩ឆ្នាំ អ្នកទាំង២ រស់នៅភូមិធ្មា ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។
វត្ថុតាងដកហូតបានរួមមានៈ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៣ថង់ ទំងន់ ៣,១០ក្រាម ដែកកេះ ចំនួន០១ ទូរស័ព្ទដៃ ចំនួន០២គ្រឿងនិងសម្ភារ:កែច្នៃសម្រាប់ប្រើប្រាស់មួយចំនួន។
បច្ចិប្បន្នករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យចាត់ការតាមនិតិវិធី៕ អត្ថបទ : ព្រាប.ស





































