ឃាត់ខ្លួនមនុស្ស៥នាក់ ដែលរត់ពន្ធម៉ូតូខុសច្បាប់ ចូលមកកម្ពុជា

មុខសញ្ញារត់ពន្ធម៉ូតូឆ្លងដែនខុសច្បាប់ចំនួន ៥ នាក់ ដែលជាជនជាតិថៃ ត្រូវបានឃាត់ខ្លួនក្បែខ្សែបន្ទាត់ព្រំដែន ខណ:ដែលពួកគេកំពុងជិះម៉ូតូចំនួន ៤ គ្រឿងមកកាន់ព្រំដែនកម្ពុជា ដើម្បីប្រគល់អោយឈ្មួញ និងទទួលយកប្រាក់កម្រៃត្រឡប់ទៅវិញ។

គួរបញ្ជាក់ថា នៅវេលាម៉ោង ៤ និង ៣០ នាទីល្ងាច ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២ កម្លាំងយោធាថៃ កំពុងល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រ ភូមិបានស្រង៉ែ ឃុំទ័ពស្តេច ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ក៏បានប្រទះឃើញមានមនុស្ស៤នាក់ កំពុងជិះម៉ូតូ៤គ្រឿង តាមបណ្តោយផ្លូវលេខ ៣៣០៨ ហើយបានបត់ចុះតាមវាលស្រែ ក្នុងទិសដៅឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា ត្រង់ចន្លោះបង្គោលព្រំដែនលេខ ០៨-០៩ មានចម្ងាយពីផ្លូវសិរីភិន ប្រមាណ ៤០០ ម៉ែត្រ ។

ឃើញបែបនេះ កម្លាំងយោធាថៃបានស្កាត់ឃាត់ដើម្បីសាកសួរ ដោយនៅពេលនោះដែរ ក៏មានមនុស្សម្នាក់នៅឈរចាំមើលស្ថានការណ៍ត្រង់ចំណុចខាងលើដែរ ទើបសមត្ថកិច្ចឃាត់មនុស្សបាន៥នាក់ និងម៉ូតូចំនួន៤គ្រឿង។

ក្រោយពីបានសាកសួរ ជនជាតិថៃទាំង៥នាក់ បានសារភាពថា ពួកខ្លួនគឺស៊ីឈ្នួលអោយជនជាតិខ្មែរម្នាក់ឈ្មោះភាព ដោយគ្រាន់តែបើកម៉ូតូពីចុងភូមិស្រង៉ែ ទៅដល់ព្រំដែន ទទួលបានកម្រៃក្នុង១គ្រឿង ២០០ បាត ដោយឡែកពេលយកឆ្លងព្រំដែន ឈ្មួញខ្មែរគេទាក់ទងតាមព្រំដែនត្រូវអស់ហើយ។

បច្ចុប្បន្នជនជាតិថៃទាំង៥នាក់ និងម៉ូតូ៤គ្រឿង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន តម្រួតស្រុកតាប្រាក់យ៉ាហើយ ដើម្បីសាកសួរបន្ត។ ដោយឡែកសម្រាប់ភាគីកម្ពុជា ក៏ទំនងជាមានការត្រូវដង ត្រូវផ្លែគ្នាយ៉ាងរលូនផងដែរ ទើបម៉ូតូទាំងនេះអាចឆ្លងចូលមកបាន ដូច្នេះគួរតែថ្នាក់ដឹកនាំពិនិត្យអោយមែនទែទៅលើកម្លាំងដែលឈរជើងតាមច្រករបៀង ដែលពួកគេអាចទទួលបានលាភសក្ការ: និងសើមមាត់រាល់ថ្ងៃ ៕ អត្ថបទ : ព្រាប.ស