រយៈពេលត្រឹម១ខែអភិបាលខេត្តកំពតជួយសម្របសម្រួលដោះស្រាយបញ្ហានិងបណ្តឹងក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋបាន១៣១ករណី

ខេត្តកំពត ៖ ក្នុងរយៈពេលត្រឹម១ខែប៉ុណ្ណោះអភិបាលខេត្តកំពត អាចជួយសម្របសម្រួលដោះស្រាយសំណូមពរ បញ្ហា ពាក្យបណ្តឹងជូនប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធតុលាការបានចំនួន១៣១ករណី។ ហើយរដ្ឋបាលខេត្តកំពតប្តេជ្ញា ថានឹងនៅតែបន្តជួយសម្របសម្រួលដោះស្រាយរហូត ដល់អស់បញ្ហា នឹងសំណូមពរនៅគ្រប់មូលដ្ឋានក្នុងខេត្ត។

តាមរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី ១១ ខែកមរា ឆ្នាំ២០២២នេះ បានបង្ហាញថា រដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួយសម្របសម្រួលដោះស្រាយសំណូមពរ បញ្ហាប្រឈម និងពាក្យបណ្ដឹងនៅក្រៅប្រព័ន្ធតុលាការ បានចំនួន១៣លើក ស្មើនឹង ១៣១ករណី។ ក្នុងនោះបញ្ហាដីធ្លី ៩១ ករណី រួមមាន៖ ទំនាស់ជាមួយប្រជាពលរដ្ឋនិងប្រជាពលរដ្ឋមាន៥០ករណី ប្រជាពលរដ្ឋជាមួយអាជ្ញាធរ មាន០២ករណី (មានស្នើសុំពន្លឿនការ ធ្វើប្លង់កម្មសិទ្ធ) និង មេភូមិ ប្រជាពលរដ្ឋជាមួយក្រុមហ៊ុន មាន៥ ករណី ទំនាស់ដីកេរមរតកនឹងគ្រួសារ មាន១៥ករណី ទំនាស់ការលែងលះ និងបែងចែកទ្រព្យសម្បត្តិមាន០៩ ករណី បិទផ្លូវសាធារណៈ ០៩ ករណី ប្រជាពលរដ្ឋ និងសហគមន៍មាន ១ករណី។

នៅក្នុងកិច្ចប្រជុំនោះដែរ ក៏បានបង្ហាញរបាយការណ៍ស្តីពីការចំណាយប្រចាំខែធ្នូ ឆ្នាំ២០២១ របស់ អភិបាលខេត្តផងដែរដោយរួមមាន ៖ ចំនួនប្រាក់ខ្មែរជិត ៧៤លានរៀលនិងប្រាក់ដុល្លារ ជាង២៨ម៉ឺនដុល្លា អង្ករចំនួនជាង ១១៩ តោនមីចំនួន ៧៦០ កេស ត្រីខចំនួន ៣៥១ កេស ទឹកត្រី ទឹកស៊ីអីវចំនួន ៣,៥០៥ យួរ សារុងចំនួន ៣,៥០០ សារ៉ុង ទឹកសុទ្ធចំនួន ១៩៥ កេស ម៉ាស់ចំនួន ៦,៥០០ ម៉ាស់ អាល់កុលចំនួន ៣១០ លីត្រ អំបិលចំនួន ១ តោន ៣១០ គីឡូក្រាម។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តដដែលនោះ មានរបៀបវរៈសំខាន់ៗដូចជា ៖១. ពិនិត្យ និងអនុម័ត លើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខេត្ត។២. ពិនិត្យ និងអនុម័ត លើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខេត្ត។៣. ពិនិត្យ និងអនុម័ត លើរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២១ ស្តីពីការអនុវត្ត ការ ងាររបស់រដ្ឋបាលខេត្ដ។៤.ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំឆ្នាំ២០២១ ស្តីពីការអនុវត្ត ការ ងារ របស់រដ្ឋបាលខេត្ដ និង ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេច ផ្សេងៗជាច្រើនទៀត។

ឯកឧត្តមជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ វាយតម្លៃ ចំពោះលទ្ធផលការងារ ដែលរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពជំនាញ ជុំវិញខេត្ត បានខិតខំអនុវត្តកន្លងមក ។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានស្នើឲ្យ គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្តនិងអាជ្ញាធរក្រុង ស្រុកទាំងអស់ បន្តយកចិត្តទុកដាក់ ជំរុញការដោះស្រាយបញ្ហាសំណូមពរ បញ្ហាប្រឈម ទៅតាមជំនាញនិងសមត្ថកិច្ចតួនាទីរបស់ខ្លួនឲ្យបានកាន់តែប្រសើរថែមទៀត ស្របទៅតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន ក៏ដូចគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងជំនាញផ្សេងទៀត ដោយធ្វើយ៉ាងណា ផ្ដល់នូវប្រយោជន៍និងភាពកក់ក្ដៅ ជូនប្រជាពលរដ្ឋ សំដៅធ្វើឲ្យពួកគាត់មានជីវភាពកាន់តែរីកចម្រើនប្រសើរឡើងជាលំដាប់៕ សេង ណារិទ្ធ