មន្រ្តីសុខាភិបាលខេត្តបាត់ដំបង ចុះយកសំណាកទាំងយប់លើអ្នកពាក់ព័ន្ធ និងអ្នកវិជ្ជមាន កូវីដ១៩ប្រភេទ អូមីក្រុង 

0

ខេត្តបាត់ដំបង: មន្រ្តីសុខាភិបាលខេត្តបាត់ដំបងបានចុះស្រាវជ្រាវទាំងយប់ រកអ្នកប៉ះពាល់ផ្ទាល់និងអ្នកពាក់ព័ន្ធ នឹង អ្នកជំងឺកូវីដ១៩ ប្រភេទបម្លែងថ្មី អូមីក្រុង នៅភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ នាយប់ថ្ងៃទី ១១ខែមករា ២០២១។

 មន្រ្តីសុខាភិបាលខេត្ត បានអោយដឹងថា អ្នកពាក់ព័ន្ធផ្ទាល់ត្រូវបានបញ្ជូនទៅដាក់ដោយឡែក ចំណែក ក្រុមគ្រួសារអនុញ្ញាតិអោយធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ដើម្បីតាមដានបន្ត រង់ចាំលទ្ធផល សំណាកពីប៉ាស័្ទរ រាជធានីភ្នំពេញ ។

លោកវឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានអោយដឹងតាមរយ:ផេកផ្លូវការ របស់មន្ទីរថា ព័ត៌មានបឋមមកទល់យប់ថ្ងៃទី១១ខែមករា មានអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយ ជនជាតិស្វីសពីរនាក់ ដែលមានមេរោគកូវីដ១៩ បម្លែងថ្មី អូមីក្រុង ចំនួន៩នាក់ហើយ ត្រូវបានយកសំណាក និង បន្តតាមដាន ស្ថានភាពសុខភាព ។

មន្ទីរសុខាភិបាលបានឱ្យដឹងថា នៅវេលាម៉ោង ២ និង ៣០នាទី រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ដបាត់ដំបង សហការជាមួយស្រុកប្រតិបត្ដិបាត់ដំបង បានចុះស្រាវជ្រាវអ្នកប៉ះពាល់ករណីវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុង ចំពោះបុរសជាអ្នកទេសចរជនជាតិស្វីសឈ្មោះ Daminic Fiuckiger អាយុ៤០ឆ្នាំ និងឈ្មោះ Silvan Kung អាយុ៤៧ឆ្នាំ ដោយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (បន្ទប់លេខ ICU)។

ប្រវត្ដិដំណើរសង្ខេបរបស់អ្នកជំងឺខាងលើនេះ គឺ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ អ្នកទាំង២ និងមិត្ដម្នាក់ទៀតបានចូល សម្រាកនៅសណ្ឋាគារឃីងហ្វី ក្នុងសង្កាត់រតន: បន្ទាប់មកបានជិះម៉ូតូកង់៣ ទៅលេងភ្នំសំពៅ រហូតដល់ល្ងាចត្រលប់មកបាត់ដំបងវិញបានចូលហូបអាហារនៅភោជនីដ្ឋាន បាត់ដំបងថោន  ហើយក៏ចូលសម្រាកនៅសណ្ឋាគារ។

លុះថ្ងៃទី៤ ម៉ោងប្រហែល ៥:០០នាទីព្រឹក អ្នកទាំង៣ បានជិះម៉ូតូកង់៣ ដដែលទៅចំណតកាណូត ហើយជិះកាណូតធ្វើដំណើរទៅខេត្ដសៀមរាប។ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២សាមីខ្លួនទាំង៣ ត្រូវបានយកសំណាកវត្ថុវិភាគធ្វើដោយតេស្ដ GeneXpert និងទទួលលទ្ធផលវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុង ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅទីតាំងខាងលើ។

មន្ទីរសុខាភិបាលបញ្ជាក់ថា បុគ្គលិកទទួលភ្ញៀវសណ្ឋាគារ ១នាក់ និងអ្នកបើកបរកង់៣ ចំនួន១នាក់ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ បានយកសំណាកវត្ថុវិភាគដោយតេស្ដរហ័សទទួលលទ្ធផលអវិជ្ជមាន និងបន្តតាមដានរោគសញ្ញា។ ហើយចំពោះបុគ្គលិកផ្នែករៀបចំរបស់សណ្ឋាគារ ៥នាក់ប៉ះពាល់ប្រយោល បានយកសំណាកវត្ថុវិភាគដោយតេស្ដរហ័សទទួលលទ្ធផលអវិជ្ជមាន និងបន្តតាមដានរោគសញ្ញាផងដែរ។

ដោយឡែក អ្នកបើកបរកាណូតរស់នៅខេត្តសៀមរាប មន្រ្តីសុខាភិបាលខេត្តបាត់ដំបងបាន រាយការណ៍ទៅ មន្រ្តីសុខាភិបាលខេត្តសៀមរាបរួចហើយ ដើម្បីស្រាវជ្រាវយកសំណាក ៕ អត្ថបទ : ព្រាប.ស