ប្រភពពីសារ ព័ត៌មានជប៉ុន ក្យូដូ បានចេញផ្សាយនៅថ្ងៃចន្ទ ទី០១ ខែកញ្ញា ឆ្នាំ ២០១៤ នេះថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បង នូវគ្រាប់មីស៊ីល ទៅកាន់ដែនទឹក ភាគខាងកើតរបស់ខ្លួន កាលពីព្រឹកថ្ងៃចន្ទ នេះតែម្តង។ តាមការដកស្រង់ពី ក្រសួងការពារជាតិ កូរ៉េខាងត្បូងទៀតថា ការបាញ់នោះទំនងជាធ្វើឡើង កាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ម៉ោងនៅកូរ៉េ ដោយគ្រាប់មីស៊ីលមួយគ្រាប់ខាងលើ នេះអាចហោះបានក្នុងចម្ងាយ ២២០ គីឡូម៉ែត្រ។
តំណាក់កាលដំបូង មន្ត្រីផ្នែកតាមដានរបស់កូរ៉េខាងត្បូងឲ្យដឹងថា គ្រាប់មីស៊ីលទំនងជាបាញ់ ចេញពីខេត្តចាហ្គាង ជាប់ព្រំដែនកូរ៉េខាងជើង នឹងប្រទេសចិន ហើយនេះជាលើកទីមួយហើយ ដែលកូរ៉េខាងជើងធ្វើតែស្តសាកល្បងមីស៊ីលនៅខេត្តនោះ។ គួរបញ្ជាក់ថា នេះគឺជាការធ្វើតែស្តដំបូង បន្ទាប់ពីសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និង អាម៉េរិក បានបញ្ចប់កាលពីសប្តាហ៍មុន។
ដោយឡែកថ្មីៗនេះ កូរ៉េខាងជើងក៏ទទួលរងការ ចោទប្រកាន់ផងដែរថា បានលក់អាវុធទៅឲ្យក្រុមហាម៉ាស់ នៅតំបន់ហ្គាសា ព្រមទាំងធ្វើការ នាំចូលអាវុធពីប្រទេសគុយបាថែមទៀតផង៕