ខេត្តសៀមរាប ៖ ក្រុមការងារចាក់វ៉ាក់សាំងរបស់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ បានចាក់ដូសជំរុញជូនប្រជាពលរដ្ឋក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានចំនួន២២៧៧នាក់ហើយ ក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពីក្រុមការងារចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កន្លងមកនេះ ។
លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងដូសជំរុញ កងពលតូចអន្តរាគមន៍លេខ៨ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាជនរស់នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានចំនួន ២២៧៧នាក់ ស្រីចំនួន ១២៥៤នាក់ ប្រុសចំនួន ១០២៣នាក់ ។
លោកថាយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬស(ដូសជំរុញ) ដែលបានប្រព្រឹត្តិឡើងនាពេលនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋ និងព្រះសង្ឃ កងទ័ព និងមន្ត្រីរាជការ ឲ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំង នឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនមានហានិភ័យដល់អាយុជីវិតនោះឡើយ ។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ និងជាប្រធានក្រុមការងារ បានបញ្ជាក់ឲ្យដឹងដែរថា នៅក្នុងយុទ្ធនាការនេះ ក្រុមការងារបានសហការជាមួយអាជ្ញាធរស្រុកអង្គរធំ ក្រុមការងារយុវជន ១៥៧ ក្រុមការងារយុវជនស្ម័គ្រចិត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី ។
ជាចុងក្រោយលោកបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងអស់ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ឬសដូសជំរុញ) នេះរួចហើយក៏ដោយ ត្រូវបន្តចូលរួមប្រកាន់ខ្ជាប់នូវវិធានការ របស់ក្រសួងសុខាភិបាល ពិសេសវិធានការ និងអនុសាសន៍របស់សម្តេចតេជោគឺ ៣ការពារ ៣កុំ ផងដែរ៕សួនលីណា