ខេត្តព្រះវិហារ៖ សមត្ថកិច្ចជំនាញខេត្តព្រះវិហារ កំពុងបន្តបើកការស្រាវជ្រាវរកពីមូលហេតុពិត ក្រោយអគ្គិភ័យបានលេបត្របាក់ផ្ទះមន្ត្រីបរិស្ថានមួយរូប ដែលផ្ទះនោះ គឺជាស្នាក់ការសម្រាប់បម្រើការងាររដ្ឋបាលការិយាល័យ ដែនជម្រកសត្វព្រៃព្រះរការ-ឆែប។
ហេតុការណ៍ឆាបឆេះនោះ បានកើតឡើងកាលពីម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១២ មករា ឆ្នាំ២០២២ នៅខាងជើងអគារ៤ជាន់ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ លេខ ៥៧៤ ស្ថិតក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។
យោងរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តព្រះវិហារ បានបង្ហាញឲ្យដឹងថា ផ្ទះ១ខ្នងដែលរងការឆាបឆេះនាពេលនោះ គឺជាផ្ទះរបស់លោក យ៉ាន់ ប៊ុនសឿង ប្រធានការិយាល័យ ដែនជម្រកសត្វព្រៃ ព្រះរការ-ឆែប ហើយផ្ទះនេះក៏ជាស្នាក់ការ សម្រាប់បម្រើការងាររដ្ឋបាល នៃការិយាល័យ ដែនជម្រកសត្វព្រៃព្រះរការ-ឆែប ផងដែរ។ ផ្ទះ ១ខ្នងនេះ សង់ឡើងក្នុងទំហំ ៨ម៉ែត្រ x ២៥ម៉ែត្រ ធ្វើពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ស្ថិតនៅក្នុងមូលដ្ឋានភូមិ ឃុំខាងលើ។
របាយការណ៍របស់មន្ទីរបរិស្ថានខេត្តព្រះវិហារ បានបញ្ជាក់ថា សម្ភារៈដែលត្រូវភ្លើងឆាបឆេះអស់នៅក្នុងពេលនោះ រួមមាន៖ រថយន្ត ២គ្រឿង គឺ រថយន្តសាំយ៉ុង ១គ្រឿង ដែលបានចេញសាលក្រម ពីសាលាដំបូងខេត្តព្រះវិហារ និងរថយន្ត Land Cruiser ១គ្រឿង ដែលជារថយន្តផ្ទាល់ខ្លួនរបស់ លោក យ៉ាន់ ប៊ុនសឿង ,កំព្យូរទ័រ ៣គ្រឿង ,ម៉ូតូ ផ្ទាល់ខ្លួន ២គ្រឿង ,ទូរទឹកកក ១គ្រឿង ,ម៉ាស៊ីន printer ១គ្រឿង ,គ្រាប់កាំភ្លើង CKC ចំនួន ៣៤៥គ្រាប់ ,រណារយន្ត ១៥គ្រឿង និងឯកសាររដ្ឋបាលមួយចំនួនធំ ថែមទៀតផង។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់អគ្គិភ័យនេះ គេនៅមិនទាន់ដឹងពីការពិតនៅឡើយទេ ព្រោះត្បិតសមត្ថកិច្ច កំពុងបន្តបើកការអង្កេត និងស្រាវជ្រាវនៅក្នុងការឆាបឆេះស្នាក់ការ ការិយាល័យរដ្ឋបាល ដែនជម្រកសត្វព្រៃព្រះរការ-ឆែបនេះនៅឡើយ៕ ដោយ៖ឡុង សំបូរ