ថាជាថ្នាំកែរោគយ៉ាងសាកសិទ្ឋ១៤មុខមន្ទីរសុខាភិបាលខេត្តបានផ្អាកមិនអោយលក់ដូរបោកប្រាស់ ខេត្តកំពង់ឆ្នាំង៖ប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៏បាននាំគ្នាភ្ញាក់ផ្អើលទិញដើមស្មៅម្យ៉ាងដែលអ្នកលក់បានអះអាងថា ជាឱសថព្យាបាលរោគ១៤មុខយ៉ាងសាកសិទ្ធនៅព្រឹកថ្ងៃទី០១ និង០២ ខែកញ្ញា ឆ្នាំ២០១៤នេះ ក្នុងតម្លៃមួយគីឡូក្រាមថ្លៃ៣ម៉ឺនរៀល។
ក្រោយពីបានលក់ដាច់រយះពេល២ព្រឹកនេះ អស់ជាង២០ការ៉ុងមកដែលក្នុងមួយការ៉ុងទម្ងន់ជាង៣០ទៅ៤០គីឡូក្រាម ត្រូវបានលោកប្រធានមន្ទីរសុខាភិបាលខេត្ត អោយអ្នកលក់ស្មៅនោះផ្អាកការលក់ដូរជាបណ្តោះអាសន្នសិន ព្រោះតែគ្មានច្បាប់អនុញ្ញាតិពីក្រសួងអនុញ្ញាតិពីក្រសួងសុខាភិបាល ប៉ុន្តែមន្ត្រីសុខាភិបាលខេត្តមិនទាន់បានឃាត់ផង អ្នកលក់ស្មៅរូបនោះបានគេចខ្លួនបាត់ ដែលគេសង្ស័យថា ជាការលក់បោកប្រាស់។
នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ ភ្នាក់ងារយកព័ត៌មានយើងបានសុំអនុញ្ញាត្តិ ជួបអ្នកលក់ដើមស្មៅខាងលើនេះដោយផ្ទាល់រូបគាត់និយាយអោយថាៈ គាត់មានឈ្មោះ ជា ភន អាយុ៥៤ឆ្នាំ មានទីលំនៅក្រុងភ្នំពេញ ប៉ុន្តែបានស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីដាំដុះដើមស្មៅជាឱសថបុរាណខាងលើនេះ លោកជាសមាជិកសមាគមគ្រូឱសថបុរាណកម្ពុជាម្នាក់ដែរ។លោកបានបន្តថា៖ដើមស្មៅដែលលោកបានយកមកលក់នេះមានឈ្មោះថា“ រ៉ាប់ពីកា ”ជាប្រភេទស្មៅយកពូជពីប្រទេសកូរ៉េនិងបានយកមកដាំដុះនៅខេត្តបន្ទាយមានជ័យដោយខ្លួនឯង។ថ្នាំនេះជាឱសថព្យាបាលរោគ១៤មុខបានយ៉ាងសាកសិទ្ឋ។គាត់លក់ក្នុងតម្លៃ១គីឡូក្រាម៣ម៉ឺនរៀលនៅព្រឹកម្សល់ម៉ិញនេះ( ថ្ងៃទី១ ខែកញ្ញា )គាត់លក់ដាច់ជាង១០ការ៉ុង (១ការ៉ុងជាង៣០ទៅ៤០គីឡូក្រាម) ហើយថ្ងៃនេះ( ថ្ងៃ២ ខែកញ្ញា ) គាត់បានដាក់បន្ថែមមកលក់ទៀតជាង១០ការ៉ុងទៀត ។
ការលក់ដើមស្មៅថាៈជាថ្នាំព្យាបាលរោគនេះមិនត្រូវបានអាជ្ញាធរឬមន្ទីរពាក់ពន្ឋ័ណាចាប់អារម្មណ៏ នៅឡើយទេ តែមានប្រជាពលរដ្ឋមួយចំនួនដែលធ្លាប់ចាញ់បោកគេ កន្លងមកបាននិយាយថា ដូចជាមិន ជឿដើមស្មៅសោះ ព្យាបាលជម្ងឺ១៤មុខ ហើយសុទ្ឋតែជម្ងឺធ្ងន់ៗដែលគ្រូពេទ្យសម័យបច្ចេកវិជ្ជាទំនើបពិបាកក្នុងការព្យាបាលដូចជាជម្ងឺទាចទឹក ជម្ងឺមហារីកស្បូនជាដើមសង្ស័យថាបោកទេមើលទៅ។ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា៖លោកទើបតែដឹង ព័ត៌មានពីការលក់ដើមស្មៅនេះ នៅម៉ោង ៨ព្រឹកថ្ងៃទី ០២ ខែកញ្ញានេះ ហើយលោកបានចាត់អោយមន្ត្រី របស់លោកចុះទៅពិនិត្យមើល និងបានរាយការណ៏មកវិញថា ពិតជាមានការលក់ដើមស្មៅថ្លៃ១គីឡូ ក្រាម៣ម៉ឺនរៀលនេះមែន និងក្រោយពីការពិនិត្យគឺគេមិនមានលក្ខណៈច្បាប់ត្រឹមត្រូវទេ លោកបាន បញ្ជារអោយផ្អាកការលក់ដូរដើមស្មៅនេះហើយ។
មន្ត្រីមន្ទីរសុខាភិបាលដែលចុះធ្វើការងារនេះ បានទូរសព្ទ័ អោយយើងដឹងថា៖ពេលក្រុមការងារមន្ទីរមិនទាន់ចុះទៅដល់កន្លែងលក់ស្មៅនោះផង អ្នកលក់ស្មៅខាងលើនេះបានដឹងខ្លួនមុនហើយគេចខ្លួនបាត់ទៅហើយ។ គួរបញ្ជាក់ថា៖ ប្រជាពលរដ្ឋស្រុកបរិបូណ៏ធ្លាប់ទទួលរងគ្រោះពីការចាញ់បោកការលក់ថ្នាំបុរាណនេះជាច្រើនលើករួចមកហើយ តែលើកនេះមិនដឹងថាជារឿងបោកប្រាស់ឬក៏អត់នោះទេ ព្រោះថាអ្នកបានទិញយកទៅមិនទាន់ប្រើប្រាស់ និងមិនទាន់ដឹងពីលទ្ឋផលនៅឡើយ ព្រោះទើបនឹងទិញប្រើបានមួយថ្ងៃ តែនៅពេលអ្នកលក់ថ្នាំគេចខ្លួនបែបនេះ ទើបគេសង្ស័យជាការលក់ស្មៅជាថ្នាំបោកប្រាស់៕