ខេត្តប៉ៃលិន ៖ មណ្ឌលកុមារកំព្រា របស់អង្កការសង្គ្រោះជនអស់សង្ឃឹម ត្រួវបានអជ្ញាធរឃុំ សហការជាមួយសមត្ថកិច្ចប៉ុស្ត៏ នគរបាលសង្កាត់បរយាខា ធ្វើការចុះស៊ើបអង្កេត និងត្រួតពិនិត្យ ពាក់ព័ន្ធការធ្វើទារុណកម្ម និងផ្តល់អាហារមិនគ្រប់គ្រាន់ដល់កុមារ និងកុមារមានជំងឺមិនបានយកទៅព្យាបាលនៅមន្ទីរពេទ្យឱ្យបានត្រឹមត្រូវ ។ ហេតុការណ៍ចុះត្រួតពិនិត្យនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០១ កញ្ញា ២០១៤ ស្ថិតនៅចំណុចភូមិរោងចក្រ សង្កាត់បរយ៉ាងខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ 
ប្រភពព័ត៍មានបានឱ្យដឹងថា៖ មានកុមារតូចៗជាច្រើននាក់ ដែលស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាខាងលើ ត្រូវគេផ្តល់អាហារមិនគ្រប់គ្រាន់ ខ្វះជីវជាតិ និងមានធ្វើទារុណកម្មទៅលើពួកគេមួយចំនួនថែមទៀត ។ ប្រភពបន្តថា៖ ពេលកុមារមានជំងឺគឺប្រធានមណ្ឌល មិនយកចិត្តទុកដាក់ចំពោះការព្យាបាលកុមារឲ្យបានត្រឹមត្រួវ ឫយកទៅមន្ទីរពេទ្យនោះទេ ដោយគ្រាន់តែទៅផ្សំថ្នាំនៅឱសថស្ថានធម្មតាៗ យកទៅឱ្យក្មេងៗលេបតែប៉ុណ្ណោះ ដោយមិនបានធ្វើការពិនិត្យសុខភាពឱ្យបានល្អ ។
ប្រភពបន្តថា៖ ពេលអាជ្ញាធរទៅដល់ បានសួរនាំកុមារមួយចំនួននៅក្នុងមណ្ឌលនេះ ជាដំបូងពួកគេហ៊ាននិយាយថា មានការវាយដំខ្លះៗមកលើពួកគេដែរ ប៉ុន្តែក្រោយមកអ្នកថែទាំកុមារក្នុងមណ្ឌលដើរទៅក្បែរ បែរជាពួកគេនិយាយថា គ្មានការវាយធំធ្វើបាបអ្វីនោះទេ ។ ប្រភពបន្តទៀតថា៖ មណ្ឌលកុមារកំព្រាខាងលើ មិនមានច្បាប់អនុញ្ញាតពីអាជ្ញាធរខេត្ត បើកនោះទេ ប៉ុន្តែក្រោយពីបែកធ្លាយពីរឿធ្វើទារុណកម្មលើកុមារ ទើបប្រធានមណ្ឌលរៀបចំច្បាប់សុំបង្កើតទៅអាជ្ញាធរខេត្តប៉ៃលិន។ 
ពាក់ព័ន្ធករណីខាងលើនេះ លោក ឯក លាន ប្រធានមណ្ឌលកុមារកំព្រារបស់អង្កការ សង្គ្រោះជនអស់សង្ឃឹម បានឲ្យដឹងថា៖ មណ្ឌលលោកមិនមានការ ធ្វើទារុណកម្មលើកុមារ រឺពេលកុមារមានជំងឺ មិនយកទៅព្យាបាល ដូចការចោទប្រកាន់នោះទេ ចំណែកអាហារផ្តលើឲ្យកុមារ ក្នុងមួយថ្ងៃ៣ពេល គឺពេលព្រឹក ពេលរសៀល ពេលល្ងាច ។
លោកបន្តថា៖ មណ្ឌលនេះពីមុន លោកយល់ថាមានច្បាប់អនុញ្ញតត្រឹមត្រួវ តែក្រោយមកលោកមិនដឹងថាមិនមានច្បាប់នោះទេ ព្រោះមណ្ឌលនេះផ្លាសប្តូរប្រធានមណ្ឌលច្រើន ហើយពេលនេះលោកកំពុងរៀបចំ សុំច្បាប់បើកសារជាថ្មី ។ ក្នុងពេលនោះដែរ អាជ្ញាធរសង្កាត់ និងអង្គការសិទ្ធិមនុស្សបានណែនាំដល់ម៉ែដោះ ឬអ្នកថែទាំក្មេង នៅក្នុងមណ្ឌលត្រូវយកចិត្តទុកដាក់ទៅលើក្មេងតូចៗ ដែលភាគច្រើនអត់មានម្តាយឱពុកនោះទេ ដូច្នេះត្រូវតែថែរក្សាពួកគេដូចជាកូនបង្កើតរបស់ខ្លួន ត្រូវផ្តល់អាហារ នំចំណី ឱ្យបានគ្រប់គ្រាន់ដែរ ។



































