វគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៤១៣ កងពលតូចថ្មើរជើងលេខ៤១ ត្រូវបានប្រារព្ធពិធីបិទបញ្ចប់

0

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កងពលតូចថ្មើរជើងលេខ៤១ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៤១៣ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សូរ្យ ណារ៉ា មេបញ្ជាការរង យោធភូមិភាគទី៤ និងជាប្រធានគណៈបញ្ជាការឯកភាពទិសទី២ តំណាងដីខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំយោធភូមិភាគទី៤ ថ្នាក់ដឹកនាំកងពលតូចថ្មើរជើងលេខ៤១ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការផ្នែកសឹករង អធិការនគរបាល និងអាជ្ញាធរស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យជាច្រើនរូប។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការវរសេនាតូចលេខ៤១៣ ស្ថិតនៅភូមិពពេលសែនជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានឡើងថ្លែងមតិស្វាគមន៍ និងរាយការណ៍អំពីលទ្ធផលនៃវគ្គហ្វឹកហ្វឺនដែលមានរយៈពេល ៩១ថ្ងៃ ដោយចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ទៅតាមខ្លឹមសារ និងពេលវេលាដែលបានកំណត់។

ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ បានថ្លែងបន្តថា វគ្គហ្វឹកហ្វឺននេះដំណើរការទៅបានដោយមានប្រាក់ហ្វឹកហ្វឺនរបស់ក្រសួងការពារជាតិ និងពិសេសប្រាក់ឧបត្ថម្ភបន្ថែមរបស់សម្តេចតេជោ និងដោយមានការដឹកនាំចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ធ្វើឲ្យការហ្វឹកហ្វឺនមានភាពរលូន និងល្អប្រសើរ។

ឧត្តមសេនីយ៍ទោ នាង ឃីម បានបន្តទៀតថា ដោយមានការយកចិត្តទុកដាក់ ពីសំណាក់គណៈកម្មការគ្រប់គ្រងវគ្គ យោធាចារ្យ និងការខិតខំយកចិត្តទុកដាក់រៀនសូត្ររបស់សិក្ខាកាមទាំងអស់ ទើបធ្វើឲ្យវគ្គហ្វឹកហ្វឺនទាំងមូលទទួលបានជោគជ័យ។

ឧត្តមសេនីយ៍ទោ សូរ្យ ណារ៉ា មេបញ្ជាការរងយោធភូមិភាគទី៤ ក៏បានប្រគល់ប័ណ្ណសសើរដល់គណៈគ្រប់គ្រង វគ្គ យោធាចារ្យ និងសិក្ខាកាម ដែលមានស្នាដៃល្អក្នុងការគ្រប់គ្រង និងបង្រៀនបានល្អ ព្រទាំងសិក្ខាកាមដែលមាននិទ្ទេសល្អឆ្នើមក្នុងការសិក្សាផងដែរ។

ក្នុងឱកាសសំណេះសំណាល ឧត្តមសេនីយ៍ទោ សូរ្យ ណារ៉ា បានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសំណាក់ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ដល់សិក្ខាកាមទាំងអស់ ព្រមទាំងថ្លែងនូវការកោតសរសើរដល់មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ដែលបានខិតខំបើកវគ្គហ្វឹកហ្វឺនតាមផែនការថ្នាក់លើ ទទួលលទ្ធផលបានល្អប្រសើរ។

ឧត្តមសេនីយ៍ទោ មេបញ្ជាការរងយោធភូមិភាគទី៤ បានថ្លែងបន្តថា
បើទោះបីជាការហ្វឹកហ្វឺនស្ថិតក្នុងស្ថានភាពប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ-១៩ ដែលកំពុងរាលដាលនៅទូទាំងប្រទេស និងនៅលើពិភពលោកក្តី តែមេបញ្ជាការអង្គភាពបានពុះពារបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញដល់កងទ័ពរហូតទទួលបានជោគជ័យ និងបានបញ្ចប់វគ្គ ទៅតាមផែនការ និងខ្លឹមសារនៃកម្មវិធី ដោយយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការនានា របស់ក្រសួងសុខាភិបាល ពិសេសវិធានការ”៣កុំ ៣ការពារ” របស់ប្រមុខរាជរដ្ឋាភិបាលឲបានយ៉ាងខ្ជាប់ខ្ជួន។

ឧត្តមសេនីយ៍ទោ មេបញ្ជាការរងយោធភូមិភាគទី៤ បានធ្វើការផ្តាំផ្ញើដល់មេបញ្ជាការគ្រប់កងឯកភាពទាំងអស់ ត្រូវបន្តរួមគ្នាទប់ស្កាត់ការឆ្លងរាតត្បាតពីវិរុសកូវីដ-១៩ ពិសេសវិរុសបំប្លែងខ្លួនថ្មី”អូមីក្រុង”ដែលមានការចម្លងលឿន ហើយបច្ចុប្បន្នកំពុងធ្វើចរាចរនៅលើពិភពលោក និងពិសេសកំពុងរាតត្បាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈអ្នកដំណើរពីបរទេស និងមានការចម្លងចូលក្នុងសហគមន៍៕ដោយ:ចាន់ ធី