រកឃើញអ្នកពាក់ព័ន្ធ៩នាក់ជាមួយជនបរទេសដែលផ្ទុកអូមីក្រុងនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងចំនួន៩នាក់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយ អ្នកទេសចរជនជាតិស្វីស២នាក់ដែលវិជ្ជមានជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុង ត្រូវបានរកឃើញវិជ្ជមានDeltaម្នាក់ ខណៈ៨នាក់ទៀតអវិជ្ជមាន។

លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានថ្លែងថាបន្ទាប់ពីអ្នកទេសចរជនជាតិស្វីស២នាក់ ឆ្លងអូមីក្រុង មន្រ្តីសុខាភិបាល បានចុះស្រាវជ្រាវ និងធ្វើសំណាកលើអ្នកពាក់ព័ន្ធទាំងអស់ចំនួន៩នាក់ កាលពីយប់ថ្ងៃទី ១១ខែមករាឆ្នាំ២០២២។

ជាលទ្ធផលដែលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័របង្ហាញថាមានម្នាក់ឆ្លងជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទDelta និង៨នាក់ទៀតអវិជ្ជមានត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក និងបន្តតាមដានសុខភាព។

ប្រធានមន្ទីរសុខាភិបាលបញ្ជាក់បន្ថែមថា អ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មីDeltaម្នាក់នោះ មានស្ថានភាពសុខភាពល្អប្រសើរ និងជិតជាសះស្បើយឡើងវិញហើយ ខណៈអ្នកវិជ្ជមានរូបនេះត្រូវបានសន្និដ្ឋានថាឆ្លងកូវីដមុនពេលប៉ះពាល់ ជាមួយអ្នកទេសចរបរទេស។

លោកបញ្ជាក់ថា អ្នកពាក់ព័ន្ធ៩នាក់នោះ ៧នាក់ជាបុគ្គលិកសណ្ឋាគារឃីងហ្វី (ឆ្លងវិជ្ជមាន ម្នាក់ជា recepnes) និង ២នាក់ជាបុគ្គលិកភោជនីយដ្ឋាន បាត់ដំបង ថោន ។

សូមរំលឹកថា អ្នកទេសចរជនជាតិស្វីស២នាក់ដែលបានស្នាក់នៅ និងធ្វើដំណើរកម្សាន្តក្នុងទឹកដីខេត្តបាត់ដំបង ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន(បន្ទប់លេខ ICU)។

ប្រវត្ដិដំណើរ សង្ខេបរបស់អ្នកជំងឺជនជាតិស្វីសខាងលើនេះ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ អ្នកទាំង២ និងមិត្ដម្នាក់ទៀតបានចូល សម្រាកនៅសណ្ឋាគារ ឃីងហ្វី បន្ទាប់មកបានជិះម៉ូតូកង់៣ ទៅលេងភ្នំសំពៅរហូតដល់ល្ងាចត្រលប់មកបាត់ដំបងវិញបានចូលហូបអាហារនៅភោជនីដ្ឋាន បាត់ដំបងថោន ហើយក៏ចូលសម្រាកនៅសណ្ឋាគារ។

លុះថ្ងៃទី៤ ម៉ោងប្រហែល ៥:០០នាទីព្រឹក អ្នកទាំង៣ បានជិះម៉ូតូកង់៣ ដដែលទៅចំណតកាណូត ហើយជិះកាណូតធ្វើដំណើរទៅខេត្ដសៀមរាប។ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២សាមីខ្លួនទាំង៣ ត្រូវបានយកសំណាកវត្ថុវិភាគធ្វើដោយតេស្ដ GeneXpert និងទទួលលទ្ធផលវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុង ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅទីតាំងខាងលើ ៕ អត្ថបទ: ព្រាប.ស