ខេត្តស្រះកែវ ៖ ពលករខ្មែរសរុបចំនួន៥១នាក់ ត្រូវបានកម្លាំងយោធាថៃ ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនធ្វើការឃាត់ខ្លួនលើ៣ គោលដៅ ក្នុងថ្ងៃតែមួយ ខណ:ដែលពលករខ្មែរទាំងនេះកំពុងលបឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃ។
យោងតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានអោយដឹងថា កិច្ចប្រតិបត្តិការរបស់កម្លាំងយោធាថៃ សហការជាមួយតម្រួតការពារព្រំដែនថៃ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ដោយបានឃាត់ពលករខ្មែរសរុបមានចំនួន៥១នាក់ លើ៣គោលដៅក្នុងខេត្តស្រះកែវ។
គោលដៅទី១នៅត្រង់ចំណុចភូមិ៤ ឃុំថាប់ភ្រិក ស្រុកអារញ្ញប្រាថេត ដោយបានឃាត់ខ្លួនបានចំនួន៣៥នាក់ ក្នុងនោះស្រី១៩នាក់ ដែលពួកគេមកពីខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តតាកែវ។
គោលដៅទី២ ត្រង់ចំណុចភូមិ១៣ ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ដោយឃាត់ខ្លួនពលករខ្មែរបានចំនួន១០នាក់ ក្នុងនោះស្រី១នាក់ និងគោលដៅទី៣ ត្រង់ចំណុចភូមិ១០ ឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ដោយឃាត់ខ្លួនបានចំនួន ៦នាក់ ក្នុងនោះមានស្រី២នាក់ និងក្មេងស្រី១នាក់ សរុបមានចំនួន ៥១ នាក់។ បច្ចុប្បន្នពលករខ្មែរទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខេត្តស្រះកែវហើយ៕ អត្ថបទ : ព្រាប.ស





































