​ទីតាំង​សំបូរ​រ៉ែ​មាស​ខុសច្បាប់​២​កន្លែង​ធ្វើ​សកម្មភាព​ ​រុករក​ទ្បើង​វិញ​បន្ទាប់ពី​បង្ក្រាប​អស់​ពេល​១៩​ថ្ងៃ​

0

​ខេត្តព្រះវិហារ​ ​ទីតាំង​រុករក​រ៉ែ​មាស​ខុសច្បាប់​ស្ថិតនៅ​ចំណុច​ចំបក់​បារាំង​ក្នុងភូមិ​រំដេង​និង​ភូមិ​ត្រពាំង​ទឹម​ឃុំ​រមទម​ស្រុក​រវៀង​ខេត្តព្រះវិហារ​បានចាប់ផ្ដើម​សកម្មភាព​ធ្វើ​អាជីវកម្ម​ទ្បើង​វិញ​ហើយ​បន្ទាប់ពី​កំលាំងចម្រុះ​ដឹកនាំ​ដោយ​ស្ថាប័ន​តុលាការខេត្ត​ចុះបង្ក្រាប​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃទី​១៥​សីហា​២០១៤​កន្លងមក​។​ ​ឈ្មួញ​ដុះ​ស្លែ​គ្រប់គ្រង​ទីតាំង​រុករក​រ៉ែ​មាស​ខុសច្បាប់​នេះ​មានឈ្មោះ​ឈន​សំអាត​ដោយបាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​រដ្ឋសភា​មក​គំរាមកំហែង​ពាំង​ពីមុខ​ថែម​ទៀតផង​។​ក្នុងពេល​ជាមួយគ្នានេះ​ផងដែរ​ទីតាំង​រុករក​រ៉ែ​មាស​១​កន្លែង​ផ្សេងទៀត​ស្ថិតនៅ​ចំណុច​ដី​បាក់​ក្នុងភូមិ​រំដេង​គ្រប់គ្រង​ដោយ​ឈ្មួញ​ឈ្មោះ​ថន​និង​ឈ្មោះ​ភុយ​សុឃឿន​អនុប្រធាន​រដ្ឋបាល​សាលាស្រុករ​វៀង​ក៍​ចាប់ដំណើរការ​គគ្រឹកគគ្រេង​ដូចគ្នា​។​IMG_1129

​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​ទីតាំង​រុករក​រ៉ែ​មាស​២​កន្លែង​ខាងលើ​មាន​ឧបករណ៍​ទំនើបៗ​សំរាប់​ចម្រាញ់​យក​មាស​ក្នុង​១​ថ្ងៃ​រកបាន​ចាប់ពី​៥​តម្លឹង​មាស​ទ្បើង​ទៅ​។​ការ​ចម្រាញ់​យក​មាស​ទាំងនេះ​ឈ្មួញ​បាន​ប្រើ​ថ្នាំ​គីមី​និង​ទឹក​អាស៊ីត​ដែល​ធ្វើអោយប៉ះពាល់​ដល់​បរិស្ថាន​ធ្ងន់ធ្ងរ​ដូចជា​ធនធាន​ព្រៃឈើ​និង​ជាតិពុល​ហូរ​តាម​ដងព្រែក​ដងអូរ​អា​ច​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​និង​សត្វ​ដែល​យក​ទឹក​តាម​ប្រភព​តំបន់​ទាំងនោះ​ទៅប្រើ​ប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។

​ ​លោក​ឯ​សារ៉ូ​អភិបាលស្រុក​រវៀង​បានអោយ​អ្នកសារព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០២​កញ្ញា​២០១៤​ថា​តាម​ការ​ស្រា​ជ្រាវ​និង​ស៊ើបសួរ​ដល់​ភូមិសាស្ដ្រ​ខាងលើ​គឺ​ទីតាំង​រុករក​រ៉ែ​មាស​ខុសច្បាប់​ដែល​បង្ក្រាប​កាលពីពេល​ថ្មីៗ​នេះ​ពិតជា​កំពុង​ធ្វើ​សកម្មភាព​ទ្បើង​វិញ​ប្រាកដ​មែន​។​លោក​បន្តទៀតថា​នឹង​សហការ​ជាមួយ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ដើម្បី​ចុះបង្ក្រាប​ទប់ស្កាត់​ទីតាំង​រុករក​រ៉ែ​មាស​ខុសច្បាប់​ជា​បន្តទៀត​។​ ​លោក​បញ្ជាក់ថា​ចំពោះ​ឈ្មួញ​រ៉ែ​មាស​ឈ្មោះ​ឈន​សំអាត​ដែល​យកឈ្មោះ​ថ្នាក់ដឹកនាំ​រដ្ឋសភា​មក​បន្លាច​គេឯង​អោយ​ខ្លាចញញើត​នោះ​គឺ​លោក​អះអាងថា​មិន​ដូច​ពាក្យ​ចោទប្រកាន់​នោះទេ​ថ្នាក់ដឹកនាំ​រដ្ឋសភា​គាត់​មិនមាន​ការជាប់​ពាក់ព័ន្ធ​ទ្បើ​យ​ទៅនឹង​ទីតាំង​រុករក​រ៉ែ​មាស​ខុសច្បាប់​ខាងលើ​។​

​គួរ​បញ្ជាក់ថា​នៅតាម​ទីតាំង​រុករក​រ៉ែ​មាស​ទាំងនេះ​មាន​ការប្រើ​គ្រឿងចក្រ​ជីក​យក​អាចម៍ដី​ក្លាយទៅជា​ស្រះ​ធំៗ​និង​កម្មករ​រាប់សិប​នាក់​នាំគ្នា​ជីក​កកាយ​ស្នូលផែនដី​ក្លាយទៅជា​ផ្លូវ​រូង​ក្រោម​ដី​ជ្រៅៗ​ដើម្បី​ស្វែងរក​កំណប់​រ៉ែ​មាស​មហាសាល​។​ការចុះ​បង្ក្រាប​កន្លងមក​ថ្មីៗ​នេះ​ប៉ះចំ​សុទ្ធតែ​មន្ដ្រី​យោធា​ជាន់ខ្ពស់​និង​លោក​ឧកញ៉ា​មាន​កិត្តិយស​ខ្លាំង​មួយចំនួន​ផងដែរ​ដែលមាន​ការជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ទៅនឹង​មុខរបរ​ខុសច្បាប់​រុករក​រ៉ែ​មាស​៕ ​