សម្រាប់ខេត្តតាកែវសិស្សប្រឡងជាប់និទ្ទេស A មាន៩៩នាក់ក្នុងចំណោមបេក្ខជនប្រឡងទាំង៨៧៩៩នាក់

ខេត្តតាកែវ ៖ ក្នុងចំណោមបេក្ខជនដែលមានឈ្មោះប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ សរុបចំនួន៨៧៩៩នាក់ មាន៩៩នាក់ដែលជាសិស្សមានពិទ្ទុល្អដោយជាប់និទ្ទេស A ។

លទ្ធផលដែលបានមកនេះ គឺនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ក្រោយពេលលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមជាមួយមន្រ្តីពាក់ព័ន្ធ បានកាត់ស្រោមលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២០-២០២១ ទូទាំងខេត្តតាកែវ នៅសាលាប្រជុំសាលាវិទ្យាល័យជាស៊ីមតាកែវ។ តាមការបញ្ជាក់ពី លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវបានឱ្យដឹងថា នៅទូទាំងខេត្តតាកែវមានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សរុបចំនួន១៧មណ្ឌល ក្នុងនោះក្រុងដូនកែវ០៧មណ្ឌល ស្រុកត្រាំកក់០៣មណ្ឌល ស្រុកសំរោង០៣មណ្ឌល និងស្រុកទ្រាំង០៤មណ្ឌល និងមានបេក្ខជនប្រឡងសរុប៨៧៩៩នាក់ ហើយនៅខេត្តតាកែវ មានសិស្សជាប់ និទ្ទេស A ចំនួន៩៩នាក់។

សូមបញ្ជាក់ថា លទ្ធផលសិស្សដែលទទួលបាននិទ្ទេស A ក្នុងឆ្នាំនេះ គឺជាការល្អប្រសើរសម្រាប់ខេត្តតាកែវ ព្រោះបើប្រៀបធៀបកាលពី២ឆ្នាំកន្លងទៅ គឺឆ្នាំ២០១៩ មានសិស្សដែលប្រឡងជាប់និទ្ទេសAមានតែ២៩នាក់ ហើយនៅឆ្នាំ២០២០ គឺជាប់គ្មាននិទ្ទេស ព្រោះរាជរដ្ឋាភិបាលយល់យោគដោយមិនមានការប្រឡងនោះទេ ព្រោះមានជំងឺរាតត្បាតកូវីដ១៩៕ ពូស៊្មីត