ខេត្តបាត់ដំបង: បុរសវ័យសាមសិបប្លាយឆ្នាំម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបានយករំសេវផាវមកកែច្នៃទុកបោកត្រី ហើយបានភ្លាត់ស្នៀតបណ្តាលអោយផ្ទុះឡើងតែម្តង។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ១ និង ៣០ នាទីរសៀល នៅចំណុចថ្មជ្រួញ ស្ថិតក្នុងស្ទឹងចម្លងគួយក្នុងភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
យោងតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថានៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ តុន.គង់គា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូររំចេកក្រោម បានយករំសេវផាវមកច្នៃដើម្បីបោកត្រី ដោយនៅពេលនោះដែរគេបានចុះទៅដល់មាត់ស្ទឹងទៅហើយ។
ប្រភពដដែលបានបន្តថា នៅពេលនោះសង្ស័យការច្នៃខុសបច្ចេកទេស ទើបបណ្តាលអោយផ្ទុះឡើងបង្កអោយរបួសត្រង់កដៃខាងស្តាំខ្ទេច ត្រូវក្រុមគ្រួសារនាំគ្នាដឹកជនរងគ្រោះបញ្ជូនទៅមន្ទីពេទ្យខេត្តបាត់ដំបងដើម្បីសង្គ្រោះ ៕ អត្ថបទ : ព្រាប.ស




































