ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា បេីយេីងការពារសន្តិភាពបានរយៈពេល៥០ឆ្នាំទៀតកម្ពុជានឹងមានការ អភិវឌ្ឍន៍រីកចម្រេីនកាន់តែខ្លាំង

កំពង់ចាម ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និង ជា ប្រធាន ស្តីទី សហភាព សហព័ន្ធ យុវជន កម្ពុជា បាន លេីកឡេីងថា បេី យើង ថែរក្សា សន្តិភាព បាន រយៈពេល ៥០ឆ្នាំ ទៀត កម្ពុជា នឹងមានការ អភិវឌ្ឍន៍ រីកចម្រើន កាន់តែ ខ្លាំង ដូច្នេះសូម កុំ ស្កប់ស្កល់ នឹង សន្តិភាព និង កុំ ស្កប់ស្កល់នឹង អ្វី ដែល យើង មាន គឺ ត្រូវ ខិតខំ បន្ត ទៀត ការ ថ្លែង បែប នេះ ក្នុង ពិធី សំណេះសំណាល ជាមួយ សមាជិក សមាជិកា សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២ នៅសាលាខេត្តកំពង់ចាម ។

ក្នុង ពិធី នោះដែរ ឯកឧត្តម រដ្ឋមន្រ្តី បាន លេីកឡេីងថា ការ អប់រំ ពិតជា មាន សារៈសំខាន់ខ្លាំង ណាស់ ដែល ត្រូវ ទាមទារ ឲ្យ យុវជន ស ស យ ក ចូលរួម លើក កម្ពស់ វិស័យ អប់រំ តាម រយៈ ការទំនាក់ទំនង និងសហការល្អជាមួយអង្គការសង្គម សមាគម និងសហព័ន្ធ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងយុវជន សំដៅអប់រំលើកទឹកចិត្តយុវជនក្នុងការ សិក្សា រៀនសូត្រ ពលកម្ម និងកំសាន្តសប្បាយ ដេីម្បី លើកកម្ពស់ការអប់រំ និងថែទាំ សុខមាលភាព របស់កុមារ កម្ពុជា ដែល ជា គ្រឹះ សម្រាប់ ឈាន ទៅរកការអភិវឌ្ឍ ការកសាង ធនធាន មនុស្ស រហូត ក្លាយ ទៅ ជា ថ្នាក់ដឹកនាំ ។

ជាមួយគ្នានោះ ឯកឧត្តម រដ្ឋមន្រ្តី ក៏ បាន ធ្វេីការ ផ្តាំផ្ញេី ដល់ ស ស យ ក ខេត្តកំពង់ចាម ត្រូវ ចូលរួម ជាមួយ រដ្ឋបាល ខេត្ត ជាមួយ គណៈអភិបាល និង ក្រុមប្រឹក្សា ខេត្ត ពោលគឺ ការពង្រឹងទំនាក់ទំនងការងារជាមួយថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាព សង្គតភាពនៃផែនការការងារទៅនឹងយុទ្ធសាស្ត្រ ភាពជាដៃគូ ព្រមទាំង បន្តពង្រឹង និងពង្រីកសមាជិកភាពដោយផ្តោតទាំងលើគុណភាព និងបរិមាណ ក៏ដូចជាតាមដានវឌ្ឍនភាពការងាររបស់ខ្លួនជាប្រចាំ ជាពិសេសក្ដាប់ឲ្យបានស្ថានភាពរបស់សមាជិក សមាជិកានៅមូលដ្ឋាន ផងដែរ ។

គួរ បញ្ជាក់ ថា នាព្រឹក ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២ នេះដែរ ឯកឧត្តម សាយ សំអាល់ ប្រធានស្ដីទីសហភាពសហព័ន្ធយុវជនកម្ពុជា រួមដំណេីរ ជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ សំណង់ អាគារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម សម្រាប់ បម្រើដល់សកម្មភាពនានា របស់ សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាយុវជនក្នុងខេត្តកំពង់ចាម ទាំងក្នុងវិស័យវិទ្យាសាស្រ្ដ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងខេត្ត ព្រមទាំង ដាំ ដេីម ឈេី ជា ម្លប់ នៅ ទីតាំង ខាងលេី ផងដែរ ៕