បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ចំនួន០៦នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនទៅតុលាការហើយនៅរសៀលថ្ងៃទី ១៥ មករា ឆ្នាំ២០២២នេះ។
លោកវររសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា មុនពេលបង្ក្រាបករណីនេះនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោកបានដឹកនាំកម្លាំងធ្វើការចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងរបស់ខ្លួន រហូតដល់់វេលាម៉ោង២០និង០០នាទី ពេលល្បាតដល់ចំណុចសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្រាប់តេប្រទះឃើញបុរស០២នាក់ កំពុងប្រើប្រាស់គ្រឿងញៀន ហើយកម្លាំងរបស់លោកក៏បានឃាត់ខ្លួនហើយធ្វើការឆែកឆេររកឃើញគ្រឿងញៀន ម៉្សៅក្រាមពណ៌សថ្លាចំនួន០៣កូនថង់កិប និង០៤បំពង់ទុយោកិប ស្មើនឹងទម្ងន់៣,២០ក្រាម នៅក្នុងកាបូបស្ពាយរបស់ឈ្មោះ ហួន ទាសង់ ហៅ មករា ភេទប្រុស អាយុ២១ឆ្នាំ ចំណែកឈ្មោះ ថា សុភាព ភេទប្រុស អាយុ១៣ឆ្នាំ គ្មានវត្ថុតាងអ្វីឡើយ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ទៀតថា ក្រោយពីសួរនាំបុរសទាំង០២នាក់រួច ទើបកម្លាំងចុះធ្វើប្រតិបត្តិការបង្រ្កាបជាបន្តបន្ទាប់បានជនសង្ស័យប្រុស ស្រី ចំនួន០៥នាក់បន្ថែមទៀត ព្រមទាំងដកហូតវត្ថុងរួមមាន ម៉្សៅក្រាមពណ៌សថ្លា ចំនួន០៤កូនថង់កិប និង២៦បំពង់ទុយោ ស្មើនឹងទម្ងន់ ៦៣,២៨ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមចំនួន០៧គ្រាប់,ម៉ូតូចំនួន០១គ្រឿង និងសម្ភារ:មួយចំនួនទៀត ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ ។
ជនសង្ស័យទាំង០៧នាក់ ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួច ឃើញថា ជនសង្ស័យចំនួន០៣នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ចំណែក០៣នាក់ទៀតពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ រីឯម្នាក់ទៀតជាអនីតិជនត្រូវបានអប់រំហើយឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ។ដោយផ្អែកលើបទល្មើសជាក់់ស្ដែង និងមានវត្ថុងតាងផង ព្រមទាំងផ្អែកលើការស្ដាប់ចម្លើយរបស់ជនសង្ស័យទាំង០៦នាក់ផង ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះលោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តហើយ ៕ដោយ៖ឃិន គន្ធា