ខេត្តកំពង់ធំ ÷ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាប្រធានកិត្តិយស ថ្នាក់កណ្តាលចុះជួយឃុំឈូក អមដំណើរដោយលោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងសហការីអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកសាងព្រះវិហារនៅវត្តសិរីកើតបុណ្យ ហៅផល្លាបំពេញរាជ្យលោកតាស្វាយ ស្ថិតនៅភូមិសួសគ្រុន ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។
ពិធីសំណេះសំណាលដ៏មានខ្លឹមសារ និងសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ បានមានប្រសាសន៍ថា ស្ថិតក្រោមមាគ៌ាដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកសាងស្ដារនិងអភិវឌ្ឍន៍ប្រទេសជាតិយើង តាមរយៈការបង្កើតនូវធនធានមនុស្ស និងកសាងហេដ្ឋារចនាសម្ព័ន្ធ សង្គមសេដ្ឋកិច្ច វប្បធម៌ជាតិ ជាពិសេសវិស័យព្រះពុទ្ធសាសនាដែលបានកប់បាត់ក្នុងដំណាក់កាលសម័យបនប្រល័យពូជសាសន៍ខ្មែរក្រហម។
ដូចនេះសូមឲ្យលោកតាលោកយាយជួយអប់រំកូនចៅឲ្យយល់ពីវិស័យព្រះពុទ្ធសាសនា ព្រោះយុវជនមួយចំនួនមិនសូវស្គាល់ពីពុទ្ធសាសនាទេ។ ត្រូវជំរុញលើកទឹកចិត្តគាត់ ឲ្យចូលវត្តអារាមដើម្បីថ្វាយបង្គំព្រះសង្ឃ។ វិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនខ្លាំង លុះត្រាមានសុខសន្តិភាព ការអភិវឌ្ឍន៍ឲ្យបានយូរអង្វែងតទៅមុខទៀត។
ព្រះពិក្ខុអត្តសិរី ទីន រស្មីព្រះចៅអធិការវត្តសិរីកើតបុណ្យ(ហៅផល្លាបំពេញរាជ្យលោកតាស្វាយ)បានមានពុទ្ធិកាថា អស់រយៈពេលជាងពីរឆ្នាំ ប្រាំបីខែ ដប់បួនថ្ងៃ ទាំងបាតដៃទទេ ខ្ញុំព្រះករុណាអាត្មាភាព និងជាពុទ្ធបរិស័ទចំណុះជើងវត្តបានខិតខំផ្តួចផ្ដើមកសាងវត្តនេះឱ្យមានការរីកចម្រើនជាបណ្ដើរៗរហូតដល់សព្វថ្ងៃនេះ។ ជាពិសេសត្រូវចេះលើកទឹកចិត្តកូនចៅឱ្យគោរពព្រះពុទ្ធសាសនាព្រោះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ សូមឱ្យគណៈកម្មការអាចារ្យវត្ត ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ត្រូវចេះសហការគ្នា សាមគ្គីគ្នាដើម្បីចុះផ្សព្វផ្សាយអប់រំពុទ្ធសាសនាឱ្យមានការរីកចម្រើន។
ជាចុងក្រោយ ព្រះពិក្ខុអត្តសិរី ទីន រស្មី ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សប្បុរសជន ដៃគូអភិវឌ្ឍន៍ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ដើម្បីកសាងសមិទ្ធផលនានា នៅក្នុងវត្តឲ្យបានរីកចម្រើនឆាប់រហ័ស និងចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា។





































