កាច់សោរម៉ូតូលួចបានសម្រេច ត្រឹមរយ:ពេល១០នាទី ប៉ូលិសចាប់ខ្លួនបានមកវិញ

ខេត្តបាត់ដំបង: ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាកាច់សោរម៉ូតូ ត្រូវបានកម្លាំងអធិការដ្ឋានស្រុកមោងឫស្សី ចាប់ខ្លួនដើម្បីបញ្ជូនខ្លួនទៅតុលាការ ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពកាច់សោរម៉ូតូរួចយកទៅបាត់ ប្រមាណ១០នាទីប៉ុណ្ណោះ។

យោងតាមរបាយការរបស់សមត្ថកិច្ចបានបញ្ជាក់ថាករណីចោរកម្មនេះ បានកើតឡើងនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០ និង ០៥នាទីព្រឹក ត្រង់ចំណុចប្រឡាយចិន ស្ថិតក្នុងក្រុមទី៤ ភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ក្នុងករណីនេះគឺបានប្រព្រឹត្តឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ១គ្រឿង មកធ្វើសកម្មភាពលួចកាច់សោរម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៧ ស្លាកលេខតាកែវ1O-3536 ជារបស់ឈ្មោះ ហាត គង់ ហៅតាប្រេង ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី ដែលទុកនៅក្បែខ្នងប្រឡាយចិន(ចំណុចកើតហេតុខាងលើ) រួចដើរទៅច្រូតស្មៅគោបានប្រហែល១ម៉ោង ពេលដើរមកយកម៉ូតូវិញក៏បាត់ពុំឃើញ រួចបានរាយការណ៍ទៅសមត្តកិច្ចប៉ុស្តិ៍ព្រៃតូចដើម្បីជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច សហការជាមួយកំលាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះយិន យូរហួ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង រួមនិងម៉ូតូចំនួន០២គ្រឿង(ម៉ូតូជនសង្ស័យ០១គ្រឿង និងម៉ូតូដែលលួចខាងលើ០១គ្រឿង) នៅវេលាម៉ោង១០ និង ១៥នាទីព្រឹក ថ្ងៃដដែល ត្រង់ចំណុចទួលច្រាបដង្កោ ស្តិតក្នុងភូមិព្រាននិន ឃុំព្រៃតូច ស្រុកមោងឫស្សី រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការតាមច្បាប់ ដោយឡែកបក្ខពួក សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ ៕

អត្ថបទព្រាប.ស