ខេត្តព្រះវិហារ ៖ សេ្នហាវ័យចំណាស់មួយគូរ បានសម្រេចចិត្តចាប់ដៃគ្នា ជាគូរអនាគត ដើម្បីមើលថែទាំគ្នាតទៅថ្ងៃមុខ ក្រោមការផ្សំផ្គុំ និងរៀបចំពិធីឡើង ដោយឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ ឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ និងវរសេនាតូចទាំង៥ ចំណុះ ព្រមទាំងបងប្អូន កូនចៅសាច់ញាតិសន្ដានយ៉ាងច្រើនកុះករ ធ្វើឲ្យពិធីសែនព្រេនស្នេហាវ័យចំណាស់មួយគូរនេះ ប្រកបដោយភាពសប្បាយរីករាយ លាយឡំនឹងទឹកភ្នែកស្រក់ចុះ ទាំងសាមីខ្លួន ក៏ដូចជាភ្ញៀវកិត្តិយស ដោយមិននឹកស្មានដល់។ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានឲ្យដឹងថា គូរស្នេហ៍វ័យចំណាស់ មួយគូរនេះ លោកអ៊ុប្រុសមានអាយុ ៧៧ឆ្នាំ គាត់ត្រូវបានអង្គការចាត់តាំងរៀបចំឲ្យមានគូរស្រករ នៅឆ្នាំ១៩៧២ ម្តងរួចមកហើយ ក្រោយមកគ្រួសារលោកអ៊ុបានស្លាប់ បច្ចុប្បន្នលោកអ៊ុគឺជាអតីតយុទ្ធជន រស់នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍ លេខ៨ ដោយឡែកអ៊ុស្រីមានអាយុ ៦២ឆ្នាំ ត្រូវបានអង្គការរៀបចំផ្សំផ្គុំឲ្យ នៅឆ្នាំ១៩៧៧ ចំនួន៨០គូរ នៅវើនសៃ ខេត្តរតនគិរី ក្នុងអង្គភាពកងពល លេខ៨០១ រហូតមកដល់ឆ្នាំ ២០១៣ គ្រួសារអ៊ុស្រីបានស្លាប់ចោល ក្លាយជាស្ត្រីមេម៉ាយ ចំណែកអ៊ុប្រុសក្លាយជាបុរសពោះម៉ាយ អស់រយៈពេល៨ឆ្នាំកន្លងមកហើយ។ លុះមកដល់ឆ្នាំ២០២២នេះ លោកទាំងពីរ ក៏ត្រូវបានឯកឧត្តម និងថ្នាក់ដឹកនាំជាច្រើនទៀត នៅក្នុងអង្គភាពទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ បានរៀបចំផ្សំផ្គុំ ឲ្យក្លាយជាប្តីប្រពន្ធនឹងគ្នា នៅពេលពួកគាត់ចាស់ៗ គ្រាន់សម្រាប់មើលថែរក្សាគ្នាទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា៖ នៅឆ្នាំ១៩៩៤ លោកមេបញ្ជាការ ក៏បានរៀបចំផ្សំផ្គុំ ចាស់ៗ ឲ្យក្លាយជាគូរស្នេហ៍េបានមួយគូរ នៅស្រុកអន្លង់វែង បច្ចុប្បន្នគាត់បានចេញពីអន្លង់វែង ទៅរស់នៅភ្នុំព្រឹក៕សួនលីណា







































