រំលោភកូនចុងជាង ១០ លើក ទើបធ្លាយអាថ៌កំបាំង ត្រូវចាប់ខ្លួន

ខេត្តបាត់ដំបង: បុរសវ័យ៥០ប្លាយឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ត បន្ទាប់ពីបានធ្លាយអាថ៌កំបាំង ក្នុងករណីរំលោភកូនស្រីរបស់ខ្លួនជាច្រើនលើកច្រើនសាររួចមក។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

គួរបញ្ជាក់ថា ដោយយោងតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ សំ មាន អាយុ៣៩ឆ្នាំ ត្រូវជាម្តាយក្មេងស្រីរងគ្រោះបានអះអាងថា នៅថ្ងៃទី១៥ មករា វេលាម៉ោង ៦ ល្ងាច ដោយឃើញកូនស្រីឈ្មោះ ឌ ស ភ អាយុ១៤ឆ្នាំ មានអការ:ប្លែក ក៏បានហៅមកសួរ ទើបកូនស្រីប្រាប់ថា ប្តីម៉ែឯង (ឪពុកចុង) ចាប់រំលោភជាច្រើនដងមកហើយ ដោយបានគម្រាមសម្លាប់ទៀតផងបើនាងហ៊ាននិយាយប្រាប់ម្តាយ ឬប្រាប់អ្នកជិតខាង។

គ្រាន់តែឮពាក្យនេះភ្លាម ស្រ្តីជាម្តាយបានប្តឹងទៅសមត្ថកិច្ចអោយឃាត់ខ្លួនតែម្តង។ ដោយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ប៊ុត រឿត អាយុ៥២ឆ្នាំ បានសារភាពថា បានដេកជាមួយកូនស្រីបានសម្រេចចំនួន ១២ លើកមកហើយ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចរៀបចំបញ្ជូនទៅកាន់ការិយាល័យជំនាញហើយ ដើម្បីចាត់ការបន្ត ៕ អត្ថបទ : ព្រាប.ស