មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំទៅសាកសួរសុខទុក្ខអតីតយោធាខេត្តកំពង់ធំដែលកំពុងមានជំងឺប្រចាំកាយ

ខេត្តកំពង់ធំៈឧត្ដមសេនីយ៍ទោសោមស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខអតីតប្រធានអង្គភាពស៊ើបការយោធាខេត្តកំពង់ធំ ក្នុងសម័យសង្គ្រាម ដែលបច្ចុប្បន្នជាអតីតយុទ្ធជនកំពុងមានជំងឺប្រចាំកាយ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២។

លោកវរសេនីយ៍ត្រី ថុន ស៊ីធឿន ហៅមាំង មានអាយុ៥៦ឆ្នាំ ជាអតីតប្រធានអង្គភាពស៊ើបការយោធាខេត្តកំពង់ធំ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ធ្លាប់បានចូលរួមប្រយុទ្ធជាច្រើនសមរភូមិ ក្នុងភូមិសាស្ត្រខេត្តកំពង់ ធំ ដើម្បីការពារទប់ស្កាត់មិនឲ្យ របបប្រល័យពូជសាស្ត្រវិលត្រឡប់មកវិញបាន បច្ចុប្បន្នមាន ជំងឺប្រចាំកាយ រីឯត្រចៀកថ្លង់ដោយក្នុងសម័យសង្គ្រាម ដោយសារជាអ្នកបាញ់អាវុធគាំទ្រថ្មើរជើងប្រភេទB40និងB41 ក្នុងពេលប្រយុទ្ធគ្នាជាមួយសត្រូវ ចំពោះភរិយាក៏កំពុងមានជំងឺប្រចាំកាយ មិនអាចប្រកបមុខរបរអ្វីបាន គឺរស់នៅសង្ឃឹមទាំងស្រុងលើប្រាក់បៀវត្សរ៍ប្រចាំខែ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ក្នុងនាមជាសមាជិកសមាគម អតីតយុទ្ធជនកម្ពុជា ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះវីរភាពដ៏អង់អាចក្លា ហាន របស់លោកថុន ស៊ីធឿន ដែលបានចូលរួមចំណែកក្នុងការអនុវត្តន៍នូវនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ និងសូម ជូនពរ សូមមានសុខភាពល្អចៀសផុតពីជំងឺកូវីដ-១៩ និងបានឧបត្ថម្ភអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី អង្ករ១០០គីឡូក្រាម .មីជាតិពីរកេស.ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ .ភួយដណ្ដប់ពីរ ថវិកានិងបរិក្ខារ ពេទ្យសម្រាប់ការពារជំងឺកូវីដ-១៩មួយចំនួនផងដែរ ។

លោក ថុន ស៊ីធឿន រំភើបចិត្តអួលណែនដើមក ទឹកភ្នែករលីងរលោង ខណៈពេលដែលមានមេបញ្ជាការនៅ តែមានសណ្តានចិត្តសប្បុរសធម៌ ផ្ដល់នូវក្ដីស្រលាញ់គ្រប់ពេលវេលា ទោះបីគាត់បានចាកចេញពីជួរកងទ័ពទៅហើយក្តី និងសូមគោរពជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានជួយឧបត្ថម្ភស្បៀងអាហារនិងថវិកាដល់គ្រួសារ និងសូមជូនពរឯកឧត្តម លោកជំទាវនិងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ មានសំណាងល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច។
ដោយ ប៊ុន រដ្ឋា