បង្គារ២រថយន្តសង្ស័យមានផ្ទុកសារធាតុចាហ៊ួយ ត្រូវបានអាជ្ញាធរ សមត្ថកិច្ចចម្រុះស្រុកកំពង់ត្រាចចុះបង្ក្រាបទាំងកណ្តាលអធ្រាត

ខេត្តកំពត ៖ បង្គារដែលដឹកតាមរថយន្តចំនួន២គ្រឿង សង្ស័យមានចាក់បញ្ចូលសារធាតុចាហ៊ួយ ត្រូវបានអាជ្ញាធរស្រុកកំពង់ត្រាច ដែលមានវត្តមាន លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច និងលោក ង៉ែត សាវឿន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានដឹកនាំកម្លាំងចម្រុះចុះឃាត់រថយន្តត្រួតពិនិត្យ កាលពីវេលាម៉ោង១១កណ្តាលអធ្រាត ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចខាងកើតស្ពានស្រុកកំពង់ត្រាច ក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

យោងតាមប្រភពគួរទុកចិត្ត បានឱ្យដឹងថា រថយន្តដឹកបង្គាចំនួន២គ្រឿងដែលត្រូវកម្លាំងចម្រុះឃាត់នោះ មានដឹកបង្គាចំនួន៦០០កេះស្នោ និងក្តាមសេះប្រហែល១០កេះ មានទម្ងន់ប្រមាណ១២តោន ប៉ុន្តែការរកឃើញមានបង្គាចាក់សារធាតុចាហ៊ួយនោះ ជំនាញមិនទាន់ហ៊ានអះអាងថា មានប៉ុន្មានកេះស្នោនៅឡើយទេ ដោយរង់ចាំសមត្ថកិច្ចជំនាញមកពិនិត្យបន្តនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។

ប្រភពដដែលបានបញ្ជាក់ដែរថា ជាការពិតណាស់រថយន្តដែលដឹកគ្រឿងសមុទ្រ ឆ្លងកាត់ភូមិសាស្ត្រស្រុកកំពង់ត្រាច ខេត្តកំពត ពិសេស ក្តាម ឬ បង្គា គឺត្រូវបានចរាចរតាមរថយន្តប្រភេទនេះ រាប់ខែ រាប់ឆ្នាំមកហើយ ប៉ុន្តែសមត្ថកិច្ចជំនាញហាក់ពុំសូវបានត្រួតពិនិត្យឱ្យបានហ្មត់ចត់នោះឡើយ ហើយករណីឃើញមានបង្គាក្នុងកេះស្នោមួយចំនួនមានចាក់សារធាតុចាហ៊ួយដឹកតាមរថយន្តបែបនេះ មហាជនពិតជាមានការមន្ទិលសង្ស័យ ដោយមតិខ្លះបានលើកឡើងថា បើខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃក៏មិនហ៊ានដែរ។

ចំពោះបង្គាដែលផ្ទុកដោយសារធាតុចាហួយដែលដឹកតាមរថយន្តនេះ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ គេឃើញវត្តមាន លោកព្រះរាជអាជ្ញារងខេត្តកំពត ដឹកនាំមន្ត្រីជំនាញមកត្រួតពិនិត្យ ដោយលទ្ធផលពិនិត្យ ជំនាញកាំកុងត្រូលបានបញ្ជាក់ថា បង្គាក្នុងកេះស្នោទាំងអស់នោះសុទ្ធតែមានចាក់បញ្ចូលនូវសារធាតុចាហ៊ួយ ដោយឡែកក្តាមសេះ និងប្រភេទគ្រឿងសមុទ្រផ្សេងទៀត ពុំបានចាក់បញ្ចូលសារធាតុចាហ៊ួយនោះទេ ប៉ុន្តែបើទោះជាយ៉ាងណាសមត្ថកិច្ចបានចាត់ទុកគ្រឿងសមុទ្រផ្ទុកក្នុងរថយន្តជាប់បទល្មើសទាំងអស់។

បន្ទាប់ពីត្រួតពិនិត្យរួចរាល់ បង្គានិងគ្រឿងសមុទ្រទាំងអស់(១២តោន) អាជ្ញាធរ និងសមត្ថកិច្ចជំនាញ បានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ដើម្បីដុតកម្ទេចចោល នៅព្រឹកស្អែក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ដោយឡែករថយន្តទាំងពីរគ្រឿងដែលជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនបទល្មើស ជំនាញនឹងធ្វើការពិន័យទៅតាមច្បាប់៕ សេង ណារិទ្ធ