ខេត្តកំពង់ធំ ៖លោក គៀង សេងគី មេឃុំត្បូងក្រពើ ស្រុកសន្ទុក ជំរុញមាតាបិតាសិស្ស ឲ្យកូនសិក្សារៀនសូត្រ យ៉ាងហោចណាស់ចប់កម្រិតមូលដ្ឋាន។លោកបានថ្លែងយ៉ាងដូច្នេះក្នុងពិធីសំណេះសំណាលនិងផ្តល់សម្ភារៈសិក្សា ដល់សិស្សានុសិស្សប្រមាណជាង៥០០នាក់ នៅវត្តមនីពោធិញ្ញាណ ក្នុងភូមិអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២២ ។
ពិធីនេះមានការអញ្ជើញចូលរួមពីព្រះចៅអនុគណស្រុកសន្ទុក ព្រះចៅអធិការវត្តមនីពោធិញ្ញាណ ព្រះចៅអធិការវត្តបិណ្តីយ៍ សប្បុរសជន និងសិស្សានុសិស្ស ប្រមាណជាង៥០០ នាក់។
លោក គៀង សេងគី បានបន្តថារាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យជាពិសេសវិស័យកសិកម្មឧស្សាហកម្ម និងអប់រំដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជានិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ រួមទាំងដោះស្រាយបញ្ហាប្រឈមនានាផងដែរ។
លោកអំពាវនាវដល់មាតាបិតាត្រូវជំរុញការសិក្សារៀនសូត្រដល់កូនព្រោះការសិក្សាត្រូវពឹងផ្អែកទៅលើខ្លួនឯង ដោយមានការព្យាយាម អំណត់អត់ធ្មត់ យកចិត្តទុកដាក់គ្រប់ពេលវេលា ហើយមាតាមិតាត្រូវជួយទំនុកបម្រុង និងជួយជំរុញលើកទឹកចិត្តបន្ថែម។បន្ថែមពីនេះការអប់រំឱ្យមានការផ្លាស់ប្ដូរគឺជួយឱ្យកូនខ្មែរទាំងអស់ បានផ្ដល់នូវការយកចិត្តទុកដាក់ និងរិះរកគ្រប់មធ្យោបាយក្នុងការទទួលបាននូវ យន្តការជ្រើសរើសសម្រាប់កសាងមូលដ្ឋានគ្រឹះនៃការផ្លាស់ប្ដូរ តាមរយៈការគិតពិចារណា ដើម្បីបង្កើតជំនឿចិត្តដល់នូវសេចក្តីសង្ឃឹមដែលជាថាមពលជំរុញរាល់សកម្មភាព និងការទទួលខុសត្រូវ ដែលខ្លួនបានធ្វើចំពោះខ្លួនឯង អ្នកដទៃ គ្រួសារ និងសង្គមជាតិហើយកាលណា «ទំពាំងរីកលូតលាស់បានល្អអាស្រ័យលើឫស្សីជួយជ្រោមជ្រែង»។
លោកបានបន្តទៀតថាវិស័យពុទ្ធចក្រនិងអាណាចក្រត្រូវដើរទទឹមគ្នាដោយបំពេញឲ្យគ្នាទៅវិញទៅមកក្នុងការជួយឲ្យសង្គមកម្ពុជាឲ្យមានការរីកចម្រើនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោជា
នាយករដ្ឋមន្ត្រី ។បើប្រទេសអសន្តិសុខ អ្វីៗក៏មិនអាចកើតឡើងបាននោះដែរ តែបើស្រុកទេសសុខសប្បាយ សន្តិសុខសុវត្ថិភាពពេញលេញ មានស្ថិរភាពនយោបាយ ច្បាស់ណាស់ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាព ប្រកបរបរបានដោយសេរី មានជីវភាពធូរធារ ប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ដូចកម្ពុជាសព្វថ្ងៃនេះ។ លោក បានរំលឹកថា កូនខ្មែរគ្រប់រូប ទាំងជំនាន់មុន ជំនាន់នេះ ជំនាន់ក្រោយតទៅអនាគត ត្រូវនាំគ្នាលើកតម្កើងកិត្តិយសជាតិ តាមរយៈការរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយឲ្យរឹងមាំ។
លោកបានស្នើរឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានជំនឿលើខ្លួនឯងជឿការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរួមគ្នាបន្តដំណើរលើនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាបន្តទៀត ។
ជាមួយគ្នានោះដែរលោក គៀង សេងគី បានថ្លែងអំណរគុណដល់ព្រះសង្ឃ និងសប្បុរសជនជិតឆ្ងាយដែលតែងតែជួយដល់ប្រជាពលរដ្ឋក្នុងឃុំត្បូងក្រពើ ដើម្បីទទួលបានការអភិវឌ្ឍន៍ផងដែរ ។
គួរបញ្ជាក់ថាសិស្សានុសិស្ស៥០២នាក់ ទទួលបានសៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប និងថវិកាមួយចំនួន លោកគ្រូ
អ្នកគ្រូ ក្រមា១ និងថវិកាមួយចំនួនផងដែរ ។







































