អាជ្ញាធរក្រុងស្ទឹងសែន ដាំគ្រាប់ត្នោត១០០០គ្រាប់ បន្ថែមទៀតនៅតាមព្រំប្រទល់តំបន់២ និងតំបន់៣

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ អាជ្ញាធរក្រុងស្ទឹងសែន ខេត្តកំពង់ធំ ចុះដាំគ្រាប់ត្នោត ១០០០គ្រាប់បន្ថែមទៀត នៅតាមព្រំប្រទល់តំបន់២ និងតំបន់បី ក្រោយពីប្រជុំផ្ទៀតផ្ទាត់ទីតាំងរួចកាលពីពេល កន្លងទៅថ្មីៗនេះ។ ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោក ឆូយ កុសល និងលោក ខ្ចៅ ប៊ុនហ៊ីម អភិបាលរងក្រុងស្ទឹងសែន។ តាមការបញ្ជាក់របស់អាជ្ញាធរក្រុងស្ទឹងសែន បញ្ជាក់ថា ការដាំដុះគ្រាប់ត្នោត បាន និងកំពុងអនុវត្តន៍ជាបណ្តើរ ដែលក្នុងពេលកន្លងមក អាជ្ញាធរក្រុង រួមជាមួយអាជ្ញាធរសង្កាត់ កម្លាំងចម្រុះ បានដាំដុះចំនួន៥លើក ដែលមានគ្រាប់ត្នោតបានដាំសរុបចំនួន ៦ ២៥០គ្រាប់នៅតាមទីតាំងព្រំប្រទល់តំបន់ ២ និងតំបន់៣ រួមជាមួយ ទីតាំងមួយចំនួនដែលត្រូវហាមឃាត់មិនឲ្យអាស្រ័យផល ក្រោយអនុសាស្រ្តរបស់សម្តេចតេជោ ក្នុងការទប់ស្កាត់ការទន្រ្ទាន និងដកហូតដីតំបន់មកជាទ្រព្យរដ្ឋវិញ។ ក្រៅពីគ្រាប់ត្នោតអាជ្ញាធរក្រុងស្ទឹងសែន បានធ្វើការដាំដុះស្តារឡើងវិញ ដូចជាកូនរាំងចំនួន២២ដើម កូនត្នោតចំនួន៤ដើម ឬស្សីចំនួន៣៨៥ដើមផងដែរ។ សកម្មភាពនេះ នឹងបន្តដាំដំបន្ថែមទៀត រហូតដល់ព្រំប្រទល់តំបន់២ និងតំបន់៣ ដែលមានចម្ងាយសរុបជាង២០គីឡូម៉ែត្រ ពីបង្គោលលេខ៧៥៥ដល់៧៧១ ក្នុងភូមិសាស្រ្តក្រុងស្ទឹងសែន ដែលបច្ចុប្បន្នការដាំតាមព្រំប្រទល់បានសរុបប្រមាណជាង៥០% រួចហើយ។ លោកអភិបាលរងក្រុងបន្តថា ទន្ទឹមជាមួយការដាំដុះគ្រាប់ត្នោតនេះ អាជ្ញាធរក្រុងរៀបចំក្រុមការងារប្រចាំបញ្ជារចំនួន៤ទីតាំង ដើម្បីល្បាតសកម្មភាពចុះទន្ទ្រានកាន់កាប់ និងអាស្រ័យផលផងដែរ។ ក្នុងនោះអាជ្ញាធរក្រុងបានចុះស្រាវជ្រាវលើប្រជាពលរដ្ឋ ដែលបាននិងកំពុងអាស្រ័យផលជាក់ស្តែង ក្នុងភូមិសាស្រ្ត ដែលប្រជាពលរដ្ឋភាគច្រើនជួលដីពីឈ្មួញដើម្បីបង្ករបង្កើនផលប៉ុណ្ណោះ។ អាជ្ញាធរក្រុងស្ទឹងសែន បញ្ជាក់ថា ផ្ទៃដីតំបន់បីក្នុងភូមិសាស្រ្តក្រុងក្រុងស្ទឹងសែនទាំងមូល មានសរុបរួម ចំនួនជាង៥ ៥៦៩ហិកតា ក្នុងនោះ ផ្ទៃដីដែលបានអាស្រ័យផល សរុបរួមប្រមាណ ៣ ៥៤២ហិកតា ផ្ទៃដីអាងទឹកសរុបជាង ៥៧៣ហិកតា ផ្ទៃដីបឹងបួ ទំបន់ ប្រឡាយទឹក និងផ្លូវ សរុបចំនួនជាង២៣៧ ហិកតា និងផ្ទៃដីព្រៃលិចទឹកដែលនៅសេសសល់ ក្នុងដែនសមត្ថកិច្ចរដ្ឋបាលជលផល មានចំនួនសរុបជាង ១ ២១៥ហិកតា។