កំពង់ចាម: លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានជុំរុញដល់បងប្អូនជាស្ត្រីឲ្យរួមគ្នាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយគ្មានការរេីសអេីង ខណៈបច្ចុប្បន្ននេះបរិមាណស្ត្រីក្នុងភាពជាអ្នកដឹកនាំកាន់តែមានចំនួនកើនឡើងជាលំដាប់ ដែលស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់
រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្ត្រីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិ។ ការថ្លែងបែបនេះក្នុងពិធីសំណេះសំណាលរវាងក្រុមសមាជិកាព្រឹទ្ធសភា ជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលបានធ្វេីឡេីងនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសាខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ លោកជំទាវប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់ទិសដៅរួម គឺកសាងសង្គមកម្ពុជាមួយ ដែលរឹងមាំ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ដោយបានកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះ គួបផ្សំនឹង វិធានការ៣ទៀតគឺ ១-ការខិតខំទប់ស្កាត់និងរុករកការឆ្លងឲ្យបានទាន់ពេល ២-ការពង្រឹង សមត្ថភាពព្យាបាល និងការប្រើប្រាស់ថ្នាំព្យាបាលប្រកបដោយស័ក្ដិសិទ្ធិភាព និង៣-ការអនុវត្ត វិធានការរដ្ឋបាល សុខាភិបាល និងអប់រំ ជាពិសេសជំរុញការចូលរួមពីសាធារណជន និង អនុវត្តនូវកញ្ចប់គោលនយោបាយអន្តរាគមន៍ សង្គម និងសេដ្ឋកិច្ច ដើម្បីរក្សាលំនឹងជីវភាពប្រជាជន និងសេដ្ឋកិច្ច។
ជាមួយគ្នានោះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានលេីកឡេីងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនា បតីតេជោ ហ៊ុន សែន តួនាទីស្ត្រីត្រូវបានលើកតម្កើន និងបានគាំទ្រការលើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈ តួនាទី សុខុមាលភាពរបស់ស្ត្រីជាមួយនឹង ការប្ដេជ្ញាចិត្តខ្ពស់ របស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាព អង់អាចដល់ស្ត្រី រួមចំណែកកាត់បន្ថយភាពក្រីក្រ ពង្រឹងអភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យ បានធ្វើអោយស្ថានភាពស្រ្តីក្នុងខេត្តកំពង់ចាម មានការអភិវឌ្ឍឈានឡើងជាបន្តបន្ទាប់ ៕





































